រយៈពេល២៨ឆ្នាំ កម្ពុជាបោសសំអាតផ្ទៃដីមានមីនជាង២ ០០០គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូល ទាំងគ្រាប់បែកចង្កោមចំនួន ជិត៣លានគ្រាប់។ សម្តេចតេជោ នៅតែចាត់ទុកថា “គ្រាប់ មីននិងគ្រាប់មិនទាន់ផ្ទុះ ជាឃាតករលាក់មុខបំផ្លាញជីវិតប្រជាជន។
ក្នុងសារលិខិត នៃឱកាសអបខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែចាត់ទុកថា “គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ជាឃាតករលាក់មុខបំផ្លាញជីវិតប្រជាជន ។
សម្តេចតេជោ បញ្ជាក់ថា សង្គ្រាមបានបន្សល់នូវគ្រាប់ មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវ សោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើត មាន ពីមុនមកនិងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។
គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ រយៈពេល ២៨ឆ្នាំ កន្លងមកនេះ ផ្ទៃដីទំហំ ២ ១៣៨ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៥៨ភាគរយ វហេដ្ឋារចនាសម្ព័ន្ធ ១២ភាគរយ និងផ្សេងៗ ៣៨ភាគរយ រួមមានការសាង សង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាព ជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួន ៦ ៣៥៧ ៨៥៣នាក់។ មីនប្រឆាំងមនុស្ស ចំនួន ១ ០៩៥ ៧៥០ គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន ២៥ ៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូល ទាំងគ្រាប់បែកចង្កោមចំនួន ២ ៨៨៥ ២៩៤ គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ទន្ទឹមនឹងនោះចំនួនជនរងគ្រោះបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៦៥នាក់ ក្នុងឆ្នាំ ២០២០ កន្លងទៅ។
សម្តេចតេជោ មានប្រសាសន៍ថា ជោគជ័យថ្មីមួយទៀត ក្នុងឆ្នាំ ២០២០ គឺការបញ្ចប់ការស្រាវជ្រាវទិន្នន័យចម្ការមីនជាមូលដ្ឋាន គ្រប់ស្រុក ក្រុង ទូទាំងប្រទេស ដែលនឹងជួយបង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការបោសសម្អាត។
ក្នុងនាមជាប្រទេសស្រលាញ់សុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា ក៏តែងតែយកចិត្តទុកដាក់ គិតគូរ និងបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្រាលទុក្ខលំបាករបស់បណ្តាប្រទេសដែលរងផលប៉ះពាល់ដូចគ្នា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្ម ក្នុងក្រប ខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការ សហប្រជា ជាតិ ក្នុងប្រទេសចំនួន ៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ឹប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកណ្តាល សរុបចំនួន ៧.១២៣នាក់ (នារី ៤១៩នាក់)។
ថ្វីបើវិស័យសកម្មភាពមីន បាននិងកំពុងទទួលលទ្ធផលដ៏ធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការ បោសសម្អាតផ្ទៃដីដែលមានមីនចំនួន ៨៣៥ គីឡូម៉ែត្រក្រឡា និងសំណ ល់ជាតិផ្ទុះពីសង្គ្រាមរួមទាំងគ្រាប់បែកចង្កោម ចំនួន១ ៣១៦ គីឡូម៉ែត្រក្រឡាបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ ”។
ជាមួយគ្នានេះ ការងារអប់រំកាត់បន្ថយគ្រោះ ថ្នាក់ដោយ សារ មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះ ថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តការយកចិត្តទុកដាក់ដោះ ស្រាយបញ្ហាដែលបង្កឡើង ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤២០១៨-២០២៣ និងផែនការយុទ្ធ សាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥៕






