នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ៤ ៥១៤ ៨៩៣តោន ក្នុងនោះអង្ករចំនួន ៣៦ម៉ឺន ២ ៧០៨តោន ស្រូវចំនួន ១លាន ៥១០ ៨៥០ តោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួន ២ ៦៤១ ៣៣៥ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។
ក្នុងរយៈពេល៧ខែឆ្នាំ២០២៣ ការប៉ាន់ ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ២ ៦២៩ ៥៩៦ ៥២៤ដុល្លារអាមេរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ ដុល្លារអាមេរិក និងតម្លៃការនាំ ចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន១ ៨១១ ១៣៩ ៧៣២,៥៦ដុល្លារអាមេរិក។
លោកជំទាវ អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ យើងឃើញថា មានកំណើនចំនួន ៣,៣២%។
នេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើងនៅពេលវេលាខាងមុខ។
កើនឡើងដោយសារតែបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន។ តម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង។
លោកជំទាវ អ្នកនាំ ពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមថា កម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រ ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃនិងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ ៕






