រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់។ ការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពេលអនុញ្ញាតឱ្យ ឯកឧត្តម អ៊ូ យាន (Wu Yan) អនុរដ្ឋមន្ត្រីក្រសួងអប់រំ នៃសាធារណ រដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តម អ៊ូ យាន បានជម្រាបជូន សម្តេចធិបតី អំពីលទ្ធផលជាផ្លែផ្កាក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាពិសេសការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន និងការបន្តកិច្ចសហការលើវិស័យបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ឱ្យស្របតាមតម្រូវការទីផ្សារការងារនៅកម្ពុជា ។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃជំនួបរវាង ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងអប់រំចិន និង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីទ្បា កម្ពុជា។
សម្តេចបានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពចម្បង និងតែបានយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្សប្រកប ដោយចំណេះដឹង និងសុខភាពបរិបូរណ៍ ព្រមទាំងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ បណ្ដុះ បណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១លាន ៥សែននាក់។
ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីមួយចំនួន តួយ៉ាងដូចជា កម្មវិធី STEM ដើម្បីជួយតម្រង់ទិសសិស្សានុសិស្សឱ្យមាននូវជំនាញសំខាន់ៗសម្រាប់ទីផ្សារការងារ ។
ក្នុងជំនួបនោះផងដែរ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតបើកឱកាសឱ្យនិសិ្សតកម្ពុជាបន្តការសិក្សានៅប្រទេសចិន ព្រមទាំងបានស្វាគមន៍ចំពោះកិច្ចសហ ប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងអប់រំ ក៏ដូចជារវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរកម្ពុជា-ចិន ៕






