ឯកឧត្តមអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងជំនួបជាមួយឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បញ្ចប់អាណត្តិប្រចាំកម្ពុជា ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគ និងបានខិតខំបង្កបរិយាកាសឱ្យ អ្នកវិនិយោគមានភាពជឿជាក់ ក្នុងការដាក់ទុនវិនិយោគ នៅកម្ពុជា។
ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគិនទាំងអស់ ខណៈដែលកម្ពុជា កំពុងចាត់វិធានការធ្វើកំណែទម្រង់ពង្រីកទីផ្សារ ជំរុញវិមាត្រសេដ្ឋកិច្ច និងគាំទ្រការប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារសេរី ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីឥទ្ធិពលនៃការរាតត្បាតនៃជំងឺ កូវីដ ១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសកលលោក និង សេណារីយ៉ូមួយចំនួន សម្រាប់ដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា៕






