
ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែ មីនា នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ ខែមីនា ស្អែកនេះ ហើយត្រូវដាក់ចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ មុនពេលបញ្ជូនទៅស្នើសុំព្រះហស្ថលេខាពី ព្រះមហាក្សត្រនៃកម្ពុជា។
ការរៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ បានធ្វើឡើងខណៈដែលការឆ្លងមេរោគកូវីដ១៩ បន្តកើនឡើងជាបន្តបន្ទាប់ក្នុងប្រទេសកម្ពុជា ក្នុងនោះបើគិតត្រឹមថ្ងៃទី ៣០ ខែមីនានេះ មានចំនួនសរុប ១០៧នាក់ហើយ។
គួរជម្រាបថា ប្រទេសក្នុងតំបន់មួយចំនួន ក៏បានដាក់ប្រទេសក្នុងគ្រាអាសន្នរួចហើយដែរ ដូចជា វៀតណាម និងថៃ ជាដើម ខណៈ ដែលប្រទេសឡាវ ក៏បានប្រកាសបិទប្រទេសរបស់ខ្លួន នៅថ្ងៃទី៣០ ខែមីនា ដោយអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ កូវីដ១៩ នេះដែរ៕