សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈ ពេល៥ឆ្នាំបន្តទៀត គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ ២០២៨ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ការសម្រេចរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី គឺតបទៅនឹងសំណើរបស់សមាគម គ្រឹះស្ថានឧត្តមសិក្សា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
អាស្រ័យហេតុនេះសម្តេចតេជោ ហ៊ុន សែន តែងអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកគ្រឹះស្ថាន ឧត្តមសិក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារអប់រំរៀង រាល់មួយឆ្នាំម្តង។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការសិក្សាអនឡាញកំលុងពេល កម្ពុជាជួបការរាតត្បាតជំងឺកូវីដ-១៩។
សម្តេចតេជោ ក៏បានថ្លែងអំណរ គុណចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលបានចូល រួមយ៉ាងសកម្មក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស។
ជាពិសេសក្នុងពេលកម្ពុជាជួបវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នានា។ សម្តេចតេជោ ចាត់ទុកសកម្មភាពមនុស្ស ធម៌ទាំងនោះ ជាការចូលរួមជួយគ្នា ដើម្បីការរីកលូតលាស់នៅក្នុងសង្គមកម្ពុជាបន្តទៅមុខទៀត។
ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា បានគូសបញ្ជាក់ថា ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់គ្រឹះស្ថានអប់រំឯកជននោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនយកពន្ធពីគ្រឹះស្ថានអប់រំឯកជនរយៈពេល ៥ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
តែទោះជាយ៉ាងណាតម្រូវឱ្យបង់ពន្ធចំនួន៤មុខ រួមមាន៖ ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និងពន្ធប៉ាតង់។
សូមជម្រាបដែរថា ការអនុគ្រោះពន្ធ ត្រូវបានប្រមុខថ្នាក់ដឹក នាំរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ហើយការអនុគ្រោះពន្ធនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យគ្រឹះស្ថានអប់រំឯកជន អាចពង្រឹងខ្លួនឯង ឱ្យធ្វើសកម្មភាពបានរឹងមាំ និងធ្វើឱ្យគុណភាពអប់រំកាន់តែល្អប្រសើរ។
គួរបញ្ជាក់ថា ថ្នាក់ ដឹកនាំ និងសមាជិក សមាជិកា អញ្ជើញចូលជួបសម្តេចតេជោ នាព្រឹកមិញនេះ មានចំនួនសរុប ១៣៨នាក់ មកពីគ្រឹះស្ថានសិក្សា សរុបប្រមាណ ១២៣គ្រឹះស្ថាន ក្នុងគ្រឹះស្ថានឧត្តម សិក្សាចំនួន៤០ និងគ្រឹះស្ថានអប់រំចំណេះទូទៅចំនួន៨៣៕






