ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរ (របួសបែកក្បាល) ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះ និងព្យាបាលរបួសនៅគ្លីនិកឯកជនមួយ ចំណែកយុវជនដៃដល់ម្នាក់ទៀត ត្រូវនគរបាលស្រុកឱរ៉ាល់ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ដោយសារតែរាំលេងធុងបាស់ក្នុងភូមិ ហើយជាន់ជើងគ្ នាក្លាយជាជំលោះពាក្យសម្តី ទប់កំហឹងមិនបាន ស្ទុះទាញប៉ែលសំពងក្បាលតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង០៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិក្រាំងគរគី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកឱរ៉ាល់ បាននិយាយអោយដឹងថា មានករណីហឹង្សាមួយបានកើតឡើង ហើយប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងនគរបាលមូលដ្ឋាន ចុះទៅពិនិត្យ។ បង្ករដោយឈ្មោះ ម៉េន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងគគី ឃុំហោងសំណំ ស្រុកឱរ៉ាល់។ ចំណែកជនរងគ្រោះមានឈ្មោះ ហុី ពូលីស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកាប់អុសដុតធ្យូងលក់ រស់នៅភូមិ តាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (រងរបួសក្បាលខាងស្តាំធ្ងន់ធ្ងរ)។
នគរបាលបន្តថា នៅមុនពេលកើតហេតុ នៅក្នុងភូមិគគី ឃុំហោងសំណំ មានកម្មវិធីចាក់ធុងបាស់រាំលេង ហើយយុវជនដៃដល់ និងយុវជនរងគ្រោះ បានចូលទៅរាំលេង ហើយប៉ះគ្នាជាន់ជើងគ្នា បង្ករជាទំនាស់ពាក្យសម្តី ក្លាយជាហិង្សា ទាញប៉ែលដងឬស្សី សំពងលើក្បាលយុវជនរងគ្រោះតែម្តង។ ភ្លាមៗនោះប្រជាការពារភូមិ និងកម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ក្រោយហតុការណ៍ភ្លាមៗ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងរួមមាន ម៉ូតូc125ព័ណខ្មៅ សេរី២០១៦ ពាក់ស្លាកលេខកំពង់ស្ពឺ 1H-3263 មួយគ្រឿង និងប៉ែលដងឫស្សីចំនួន០១ យកមកអធិការដ្ឋាន។
រឿងហេតុខាងលេី កេីតឡីេងបណ្តាលមកពីមានទំនាស់ពាក្យសំដីពេលរាំវង់ធុងបាស់ នេះជាមេរៀនមួយសម្រាប់យុវជនឈាមរាវដែលគិតខ្លី ខឹងខុស ខឹងខូច ខឹងខាត រហូតដល់មានទោសជាប់ខ្លួន ខាតពេលវេលា និងខូចកិត្តិយសថែមទៀតផង៕ អ៊ុ ណូន






