ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រុស្ស៊ីកំពុងត្រៀមរៀបចំបញ្ជូនម៉ាស យកមកផ្ដល់ជូនដល់កម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងជំនួបជាមួយជំរាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ក្រោយបញ្ចប់បេសកកម្មពីកម្ពុជា។
ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រោយជំនួបថា ឯកឧត្តម ឌីមីទ្រី ធ្វីតកូស បានបញ្ជាក់ថា រុស្សី នឹងផ្ដល់ជំនួយដល់កម្ពុជាបន្ថែមទៀតជាពិសេសក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ និងព័ត៌មានក្លែងក្លាយ។ រុស្សី ក៍នឹងគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយរុស្សី។
ឯកឧត្តមឌីមីទ្រី អរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានរួមសហការគាំទ្រដល់ការបំពេញបេសកកម្មការទូតរបស់ ឯ.ឧ រយៈពេល៦ឆ្នាំនៅកម្ពុជា សម្រេចបានលទ្ធផលយ៉ាងជោគជ័យ ក្នុងការកសាងបានទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរទាំងវិស័យនយោបាយការទូត និងសេដ្ឋកិច្ច។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៊ី ដែលតែងតែជួយកម្ពុជាកន្លងមកហើយនៅតែបន្តជួយដល់កម្ពុជាតទៀតលើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការរៀបចំផ្ដល់ម៉ាសដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩នេះ។
បើទោះបីកម្ពុជា រុស្សីមានទំនាក់ទំនងរយៈពេលយូរឆ្នាំមកមែន ក៍ប៉ុន្តែ ទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ។
សម្តេចក៍បានជំរុញឲ្យប្រទេសយើងទាំងពីរគប្បីណា ពិនិត្យមើលសត្តានុពលទាំងឡាយណាដែលយើងអាចជំរុញឲ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានការរីកចម្រើនធំធាត់ឡើងបន្ថែមទៀត។
សម្តេចចាត់ទុកឯកឧត្តមឌីមីទ្រីគឺជាឯកអគ្គរដ្ឋទូតមួយដែលបានស្ដារឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីដែលមានវ័យចំណាស់មកហើយឲ្យមកកាន់ដំណាក់កាលថ្មីនេះ៕






