ហ្សឺណែវ៖ ទីភ្នាក់ងារ ព័ត៌មានស៊ីនហួរ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនានេះថា ប្រទេសរុស្ស៊ីបានយល់ព្រមបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក្នុងរយៈ ពេល ៦០ថ្ងៃ បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាងអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ។ អនុរដ្ឋ មន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ វើសាញនីន (Sergey Vershinin) បានប្រកាសការសម្រេចចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីដឹកនាំគណៈ ប្រតិភូ ទៅជួបមន្ត្រីអង្គការសហប្រជាជាតិ ដឹកនាំដោយលោកស្រី រេបេកា ហ្គ្រីនស្ពែន(Rebeca Grynspan) អគ្គលេខាធិការនៃសន្និសីទ អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ និងជាអគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់។ លោក វើសាញនីន (Vershinin) បាននិយាយថាប្រទេសរុស្ស៊ី “មិនជំទាស់នឹងការបន្ថែមមួយផ្សេង ទៀតនៃគំនិតផ្តួចផ្តើមសមុទ្រខ្មៅ”នោះទេបន្ទាប់ពីអាណត្តិទីពីររបស់ខ្លួនបានផុតកំ ណត់នៅថ្ងៃទី ១៨ ខែមីនាប៉ុន្តែមានតែរយៈពេល ៦០ ថ្ងៃប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ២០២២ ត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីបានអនុញ្ញាតឱ្យអ៊ុយក្រែន ដែលជាប្រទេសផលិត និងនាំចេញស្រូវ សាលីដ៏សំខាន់មួយរបស់ពិភពលោក ដឹកជញ្ជូនអាហារនិងជី ពីកំពង់ផែសមុទ្រខ្មៅចំនួនបីរបស់ខ្លួន។ កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិចំនួន ២៤លានតោន និងនាវាសុវត្ថិភាពជាង១៦០០ ធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅ ជាមួយនឹង ៥៥ ភាគរយនៃការនាំចេញអាហារទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ។ អគ្គលេខាធិការអង្គការសហប្រជា ជាតិលោក អាន់តូនីយូ ហ្គូធើរែស (Antonio Guterres) បានជំរុញឱ្យមានការបន្តកិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុងគៀវកាលពីសប្តាហ៍មុន។ កាលពីថ្ងៃចន្ទ លោកបានបញ្ជាក់សារជាថ្មីថា អង្គការសហប្រជា ជាតិនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលដល់ការនាំចេញអាហារ និងជីរបស់រុស្ស៊ី៕
ប្រែសម្រួលដោយ ប៊ុន សុភាព






