ក្នុងដំណាក់កាល covid-19 នៅក្នុងឆ្នាំ ២០២០នេះ បានធ្វើឱ្យរោងចក្រ សហក្រាសចំនួន៧៦ នៅក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារនិងបានធ្វើឱ្យបងប្អូនកម្មករកម្មការិនីប្រមាណជាង៣៥០០០នាក់ អត់ការងារធ្វើ ។
បន្ថែមពីលើនេះទៀតរោងចក្រចំនួន ២៣ក៏បានបង្ខំចិត្តព្យួរការងាររបស់ខ្លួន ដែលបានធ្វើឲ្យកម្មករប្រមាណជាជិត៤ម៉ឺននាក់ទៀតត្រូវព្យួរការងារ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកជួន វុឌ្ឍី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាលើការងារសុខាភិបាល សង្គមកិច្ចអតីតយុវជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារី នារសៀលថ្ងៃទី១៦ កុម្ភៈ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ ឡោក ខេងសមាជិកសភា ឯ.ឩ ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯ.ឩ ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកជួន វុឌ្ឍីបានមានប្រសាសន៍លើកឡើងថា រោងចក្រសហគ្រាសនៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ ២០២០ មានរោងចក្រចំនួន ៦៧៥រោងចក្រ មានកម្មករចំនួន ៣៦ ម៉ឺន ១៤៥២នាក់ ក្នុងនោះស្រីចំនួន២៩៤៤០១នាក់។
ដោយ សារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យរោងចក្រចំនួន១២៣ បានបង្ខំចិត្តព្យួរ ការងារនិងបានធ្វើឲ្យកម្មករចំនួន៣៨១៧៧ នាក់ព្យួរការងារ ។បន្ថែមពីលើនេះទៀត ដោយសារជម្ងឺ covid-19នេះដែរ ក៏បានធ្វើឱ្យរោងចក្រចំនួន៧៦ បានបិទទ្វារនឹងបានធ្វើឲ្យកម្មករចំនួន៣៥៤៧១នាក់ អត់ការងារធ្វើផងដែរ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងដំណាក់កាលកូវីដ-១៩នេះ នៅក្នុងរាជធានីភ្នំពេញក៏បានបង្កើតរោងចក្រថ្មីចំនួន៤៦រោងចក្រ ដែលបានអោយកម្មករចំនួន៨៥៤២នាក់ មានការងារធ្វើផងដែរ។ ពាក់ព័ន្ធនឹងកម្មករដែលអត់ការងារធ្វើ បើតាមការបញ្ជាក់ពីគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាបានឲ្យដឹងថា កម្មករដែលអត់ការងារធ្វើដោយសារ តែការបិទរោងចក្របណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩នោះ គឺកម្មករទាំងនោះទទួលបានផលប្រយោជន៍ចំនួន៣ពីខាងរោងចក្រ ក្នុងនោះទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ទទួលបានប្រាក់បៀវត្សចុងក្រោយនិងទទួលបានប្រាក់ថ្លៃឈប់សម្រាកដែលនៅសេសសល់។
ឯ.ឩ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាស ន៍ផងដែរថា ចំពោះគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាដែលចុះមកជួបពិភាក្សាការងារនេះគឺដើម្បីពិនិត្យទៅលើការងារមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការងារដែលរាជរដ្ឋាភិបាលប្រតិភូកម្មពីថ្នាក់ជាតិមកឱ្យថ្នាក់ ក្រោមជាតិអនុវត្ត។
ចង់ដឹងពីវឌ្ឍនភាពការងារ ចង់ដឹងពីបញ្ហាប្រឈម និងតម្រូវការមួយចំនួន របស់ថ្នាក់ក្រោមជាតិសំដៅធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋអាចទទួលយកបាននូវសេវាដែរអាជ្ញាធរថ្នាក់ក្រោមជាតិប្រគល់ទៅឲ្យទៅប្រជាពល រដ្ឋ៕
ដោយះ សំអាតនិងពិសិដ្ឋ






