ខេត្តក្រចេះ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម បក្សពួកបីនាក់ ត្រូវបាននគរបាលស្រុកចិត្របុរី ចាប់ឃាត់ខ្លួន បន្ទាប់ពីជននេះរួមនឹងបក្សពួក បានធ្វើសកម្មភាពលួចយកហិបបច្ឆ័យពុទ្ឋបូជា ដែលគណៈកម្មាធិការវត្តរៀបចំដាក់ទុកនៅមុខដងទង់ លើកំពូលភ្នំសំបុក តែធ្វើសកម្មភាពលួចមិនបានសម្រេចទេ។
នាយផ្នែកព្រហ្មទណ្ឌស្រុកចិត្របុរី លោកហេង ប៊ុនធឿន បានឱ្យដឹងថា កាលពីថ្ងៃកើត ហេតុទី២៣ កញ្ញា ជនសង្ស័យឈ្មោះ ថាន ទុច ហៅចាប អាយុ១៩ឆ្នាំ រស់នៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ក្បែរនឹងរមនីយដ្ឋានភ្នំសំបុក ខេត្តក្រចេះ បានជិះម៉ូតូមួយគ្រឿងសំដៅឡើងទៅលើកំពូលភ្នំ។ ពេលទៅដល់រូបគេបានបបួលក្មេងឃ្វាលគោពីរនាក់ទៀត ឱ្យទៅលួចយកហិបបច្ច័យពុទ្ឋបូជា ដែលដាក់នៅពីមុខដងទង់នៅលើកំពូលភ្នំ ជាមួយរូបគេ។
នៅពេលលួចបានហិប ជនសង្ស័យបានយកហិបនោះមកគាស់សោរដើម្បីយកលុយ តែក៏ត្រូវបានព្រះសង្ឃជាច្រើនអង្គបាននិមន្តមក ក៏ឃើញទាន់។ ពេលមានការស្រែកឆោឡោពីព្រះសង្ឃ ជនសង្ស័យ និងបក្សពួក បានរត់គេចខ្លួនចុះមកជើងភ្នំ ដោយការធ្វើសកម្មភាព គាស់ទម្លុះហិបយកលុយរបស់ពួកគេមិនបានសម្រេចនោះទេ។
លោកនាយផ្នែកព្រហ្មទណ្ឌបានបញ្ជាក់ថា ក្រោយពីមានបណ្តឹងរាយការណ៍មកនគរបាល ពីគណកម្មការការវត្ត កម្លាំងនគរបាលក៏បានឡោមព័ទ្ឋ ចាប់ជនសង្ស័យនេះបាន នៅនឹងផ្ទះរបស់គេ ដែលមានទីតាំងនៅក្បែរភ្នំ និងក៏បានឆែកឆេរ រកឃើញមានដាវសាំម៉ូរ៉ៃ យ៉ាង មុតចំនួន២ដើមថែមទៀតផង៕






