ក្លិបកីឡាបាល់ទាត់ វិសាខា បានទទួល ៣ពិន្ទុបន្ថែមពីការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី២ នៃពានមិត្តហ្វូនខេមបូឌាលីគ ឆ្នាំ២០១៩ ក្រោយយកឈ្នះក្លិបគិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានវិសាខា កាលពីល្ងាចថ្ងៃទី៣០ ខែមីនា ។

គ្រាប់បាល់ជ័យជម្នះរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ធ្វើសម្រេចដោយខ្សែប្រយុទ្ធប្រេស៊ីល Da Cruz Guardino Eliel នៅនាទី៣៩ និងខ្សែបម្រើជប៉ុន Ideguchi Masaaki នៅនាទី៤៨ ។ ក្រោយចប់ការប្រកួតលោក ហុក សុជីវ័ន គ្រូបង្គោលក្លិបកីឡាបាល់ទាត់ វិសាខា បានសម្ដែងការអបអរសាទរ ចំពោះការដណ្ដើមបាន ៣ពិន្ទុពេញ ក្នុងសប្ដាហ៍ទី២ នៃពានមិត្តហ្វូនខេមបូឌាលីគ រដូវកាលថ្មី ។ ប៉ុន្ដែលោកថា តំបន់ប្រយុទ្ធរបស់ក្រុម នៅមានចំណុចខ្វះខាតនៅឡើយ ហើយសង្ឃឹមថា កូនក្រុមនឹងព្យាយាមបន្ថែម ដើម្បីត្រៀមការប្រកួតបន្ទាប់ឲ្យកាន់តែល្អប្រសើរ ។
គ្រូបង្គោលកាន់សញ្ញាប័ត្រ A-License ដដែលបញ្ជាក់ថា តាមបច្ចេកទេស យើងនៅមានបញ្ហាដដែល គឺទំនាក់ទំនងតំបន់ប្រយុទ្ធ នៅស្ទើរខ្លាំងដោយជំហរក្នុងការក្ដោបឱកាសទាត់ទីយឺតនៅឡើយ ដែលយើងត្រូវព្យាយាមបន្ថែមនូវការទាត់សម្រេចទីឲ្យបានច្រើន ។ ចំពោះការការពាររបស់យើង គឺសហការគ្នាបានល្អច្រើន ទោះបីមានភ្លាត់មួយបាល់ដំបូងក្ដី តែការសហការជាក្រុម ពួកគាត់ការពារបានល្អច្រើន ។ ចំពោះប្រកួតបន្ទាប់របស់ក្លិបកីឡាបាល់ទាត់ វិសាខា គឺត្រូវធ្វើការប្រកួតក្រៅដី ដោយត្រូវជួបក្លិបភ្នំពេញក្រោន នាវេលាម៉ោង ៦:០០នាទីល្ងាចថ្ងៃទី០៧ ខែមេសាខាងមុខ នៅកីឡដ្ឋាន Smart RSN ។ បច្ចុប្បន្ន ក្លិបកីឡាបាល់ទាត់ វិសាខា កំពុងឈរលេខរៀងទី៤ បណ្ដោះអាសន្ន ក្រោយបញ្ចប់ការប្រកួត ២សប្ដាហ៍រកបាន ៤ពិន្ទុ ៕






