លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តាំផ្ញើដល់យុវជនទាំងអស់ ត្រូវដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំសារ ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ជូនដល់ឆាតអន្ដរជាតិ»។ ការបញ្ជាក់បន្ថែមរបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ធ្វើឡើងនៅក្នុងជួបសំណេះសំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជា ដែលនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅខែក្រោយនេះ កាលពីម្សិលម៉ិញនេះ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាក បាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះ សំណាលជាមួយប្រតិភូនាវាយុវជនកម្ពុជាចំនួន ១៦រូប ដែលនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។
ក្នុងពិធីសំណេះសំណាលនេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ពិសេសកោតសរសើរចំពោះសមត្ថមភាពរបស់ប្រតិភូនាវាយុវជនកម្ពុជា ដែលអនាគតសុទ្ធតែជាថ្នាក់ដឹកនាំ និងជាសរសរទ្រូងដ៏រឹងមាំរបស់កម្ពុជា។
លោកជំទាវបណ្ឌិត ក៏បានគូសរម្លឹកថា «ប្អូនៗយុវជនជំនាន់ក្រោយៗនេះ មានឱកាសច្រើនណាស់ ជាងជំនាន់បងៗដែលទើបតែងើបចេញពីសង្គ្រាម ដូច្នេះហើយឱកាសនៃការរៀនសូត្រ មិនសូវមានដូចប្អូនៗបច្ចុប្បន្ននេះដែរ។
ដូចនេះសូមឱ្យប្អូនៗជំនាន់ក្រោយ ដែលអនាគតជាអ្នកដឹកនាំមួយរូប ត្រូវធ្វើយ៉ាងម៉េចរួមគ្នា រក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាយើង ឱ្យបានគង់វង្សតទៅមុខរៀងរហូតទៅ»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្ដល់អនុសាសន៍គន្លឹះបន្ថែមទៀត ដើម្បីជាទុនសម្រាប់ចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នាខែវិច្ឆិកាខាងមុខនេះ ត្រូវយកចិត្ដទុកដាក់ ក្រេបយកចំណេះជំនាញ និងបទពិសោធន៍ ដែលមិនមែននៅសាលា ពិសេសបើកចិត្ដដើម្បីទទួលយកចំណេះដឹងថ្មី ហើយត្រូវធ្វើខ្លួនជាអ្នកត្រូវទទួលយកទាំងអស់ ទាំងវប្បធម៌ ប្រពៃណី បច្ចេកទេស ឥរិយាបទ ពិសេសត្រូវចេះសម្របខ្លួន ត្រូវសកម្ម ភាពក្នុងការស្វែងសិក្សា។
លើសពីនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្ដាំផ្ញើដល់ប្រតិភូនាវាយុវជនកម្ពុជាថា សូមឱ្យប្អូនដែលត្រូវទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ត្រូវគិតថា ការទៅចូលរួមនេះ គឺក្នុងនាមតំណាងឱ្យប្រទេសកម្ពុជា ដូច្នេះសកម្មភាពអ្វីទាំងឡាយដែលនាំឱ្យអាប់អោនដល់ប្រទេសជាតិ សូមឱ្យប្អូនចៀសវាង ពីព្រោះថាត្រីមួយកន្ដ្រក បើស្អុយមួយ ស្អុយទាំងអស់។
ម្យ៉ាងវិញទៀតត្រូវចេះលើកស្ទួយវប្បធម៌របស់យើង បង្ហាញពីអត្ដសញ្ញាណជាតិយើង ហើយជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាយើងផងដែរ។
ទន្ទឹមនឹងនោះ លោកជំទាវបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រតិភូនាវាយុវជនកម្ពុជា ត្រូវថែរក្សាសុខភាព, គោរពវិន័យ, ពង្រឹងរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់យើង ហើយត្រូវស្រលាញ់គ្នាដូចបងប្អូនក្នុងគ្រួសារតែមួយ និងមើលថែរគ្នាឱ្យបានល្អ ដូចទៅនឹងសុភាសិតមួយពោលថា «នៅផ្ទះម្ដាយទទៃ នៅព្រៃម្ដាយតែមួយ» ហើយត្រូវកសាងមិត្ដភាពជាមួយបណ្ដាមិត្ដទាំងឡាយដែលបានចូលរួមជាមួយយើង៕






