
នាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអង្គារ៏ថា ការគាំទ្រដ៏ពេញទំហឹងសម្រាប់អ៊ីស្រាអែល ពីសហរដ្ឋអាមេរិកនឹងជួយឱ្យខ្លួនប្រយុទ្ធ “រហូតដល់ជ័យជំនះទាំងស្រុង” លើក្រុមហាម៉ាស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកណេតាន់យ៉ាហ៊ូ បានលើកឡើងពីការស្ទង់មតិដែលបង្ហាញថា ជនជាតិអាមេរិកជាង៨០% គាំទ្រអ៊ីស្រាអែល អំឡុងពេលមានជម្លោះនៅតំបន់ហ្កាហ្សា។ ការអត្ថាធិប្បាយរបស់គាត់កើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ចូ បៃដិន បានព្រមានថា អ៊ីស្រាអែលប្រថុយនឹងការបាត់បង់ការគាំទ្រជាសកលនៅក្នុងសង្គ្រាម។ មន្ត្រីអាមេរិកនិយាយថា ពួកគេកំពុងធ្វើការលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលអាចនឹងកើតមាន។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ លោកណេតាន់យ៉ាហ៊ូ បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក លោកបាននឹងកំពុងដឹកនាំយុទ្ធនាការ “ប្រឆាំងនឹងសម្ពាធអន្តរជាតិ ដើម្បីបញ្ចប់សង្រ្គាមមុនពេលវេលា និងប្រមូលការគាំទ្រសម្រាប់អ៊ីស្រាអែល”។ កាលពីថ្ងៃចន្ទ លោក Biden (បៃដិន) បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងមានបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅហ្កាហ្សា “នាថ្ងៃចន្ទក្រោយ”៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច


