លោកស្រីតិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជាកូនឯកឧត្តមកែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិនិងត្រូវផ្ទេរទៅកាន់អង្គភាពដើមវិញ។
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា៖ គណៈអភិបាលរាជធានីភ្នំពេញ មានអភិបាលមួយរូបនិងអភិបាលរងចំនួន១០រូបជាជំនួយការ។ ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មានគណនយ្យភាពទ្វេទិស ក្នុងកិច្ចការបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ។
ឯកឧត្តម បន្តថា៖ នៅរាជធានីភ្នំពេញយើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាមួយនិងការបង្ក្រាប់បទល្មើសបានទាន់ពេលវេលា។
ជាក់ស្តែងនាព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ អាជ្ញាធររាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ បង្កសប្បាយភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីនេះ មានភ្ញៀវជាតិ អន្តរជាតិចូលរួមរហូតដល់ជាង៦លាន៣សែននាក់ កើនឡើងជាងឆ្នាំមុន។
ឯកឧត្តម បន្តទៀតថា៖ ការប្រកាសចូលកាន់មុខតំណែងរបស់មន្ត្រីរាជការនាពេលនេះ គឺជាដំណើរការជាធម្មតានៃមុខងារសាធារណៈ សម្រាប់អាជីពជាមន្ត្រីរាជការស៊ីវិល ថ្នាក់ក្រោមជាតិ ដែលតែងមានការតែងតាំង ប្រគល់ភារកិច្ច ផ្ទេរភារកិច្ច សម្រួល ភារកិច្ច ចូលនិវត្តន៍ និងការកំណត់អាណត្តិដឹកនាំក្នុងជួរគណៈអភិបាល។ជាក់ស្តែង ថ្ងៃនេះ ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសតែងតាំង លោកស្រី តិមា វិច្ឆិកាល នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោកស្រីកែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញដែលត្រូវដល់ អាណត្តិ។
ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ស្មារតីក្នុងការរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញបានចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អ
រហូតទទួលបានភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ ច្រើនជាងឆ្នាំមុនៗ។
ជាមួយគ្នានេះឯកឧត្តមសន្តិបណ្ឌិត ក៏បានចូលរួមអបអរសាទរ ចំពោះលោកស្រី តិមា វិច្ឆិកាល ដែលត្រូវបានតែងតាំង ជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។
ឯកឧត្តមសូមអោយលោកជំទាវតិមា វិច្ឆិកាល យកចិត្តទុកដាក់បំពេញភារកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់ រាជធានីភ្នំពេញអោយមានការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកជំទាវ តិមា វិច្ឆិកាល បានប្តេជ្ញាចិត្តថា នឹងខិតខំបំពេញការងារទ្វេដង អនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ប្រកាន់នៅគុណសម្បត្តិ ៤យ៉ាង គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សាធារណៈ។
ប្តេជ្ញា អនុវត្តនិងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកការអភិវឌ្ឍន៍រាជធានីភ្នំពេញ ដោយធានានូវសុខដុមនីយកម្ម និងចូលរួមទប់ស្កាត់ លុបបំបាត់រាល់បាតុភាពអសកម្មនានា ដែលអាចប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ ។
ពិសិដ្ឋ






