បើតាមការផ្សាយរបស់ក្រសួងធម្មការ និងសាសនា បានឱ្យដឹងថាលោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមសុំទោសជាសាធារណៈ និងផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និងឈប់ប្រើប្រាស់ក្រណាត់មសំពត់ពានា។
លោក ថង ប៊ុមថេង ក៏ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយប៉ះពាល់កន្លងមកចេញពីបណ្តាញសង្គមផងដែរ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។ ការសម្រេចនេះធ្វើឡើងក្រោយពីលោក ថង ប៊ុនថេង(សក្ខី ភគវ័ន) និង តំណាងសមាគមទេវ សក្ខី ភគវន្ត បានចូលប្រជុំដោះស្រាយនៅក្រសួង ធម្មការនិងសាសនា នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា ដោយមានការចូលរួមពីតំណាងក្រសួង មហាផ្ទៃ និងក្រសួងយុត្តិធម៌។
កាលពីថ្ងៃទី២៣ ខែមករា ប្រធានសមាគមទេវ សក្ខី ភគវន្ត បានតាំងខ្លួនជា សាស្តា សក្ខី ភគវន្ត បាននិយាយបកស្រាយបំភាន់ប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះព្រះសង្ឃថាជា បុគ្គលកំពុងពេញ កម្លាំង ហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរ ជាព្រះត្រៃបិដកមិនគ្រប់ទឹក ជាដើម។
ការលើកឡើងរបស់ប្រធានសមាគមនេះ ទទួលបានប្រតិកម្មជាបន្តបន្ទាប់ពីសំណាក់ព្រះសង្ឃ និងសមាគមនានាកាន់ព្រះពុទ្ធសាសនា ក៏ដូចជាលេខាធិការដ្ឋានគណៈសង្ឃនាយក និងពុទ្ធមណ្ឌលវិបស្សនាធុរៈជាដើម៕
រូបភាព៖ ក្រសួងធម្មការ និងសាសនា






