កីឡាករវ៉ាន់វឿនថា ខ្លួនពុំមានអារម្មណ៍ភ័យខ្លាចលាភរដ្ឋាពេលជួបវគ្គផ្តាច់ព្រ័ត្រជើងឯកខ្សែក្រវ៉ាត់ខ៉ារ៉ាបាវនោះទេ ព្រោះខ្លួនបានត្រៀមស្នៀតការពាររួចរាល់ហើយ។

វគ្គផ្តាច់ព្រ័តប្រដាល់ដណ្តើមខ្សែក្រវ៉ាត់ជើងឯកអន្តរជាតិភេសជ្ជៈខារ៉ាបាវរដូវកាលទី៨ ដែលធ្វើឡើងនៅថ្ងៃ ទី៣០ ខែ មិនា ឆ្នាំ២០១៩ខាងមុខនេះ កីឡាករ វ៉ាន់វឿន មកពីក្លិបឃ្លាំងមឿងកីឡា និងត្រូវឡើងតតាំងជាមួយកីឡាករលាភរដ្ឋាមកពីក្លិបដីឡូរមានរិទ្ធ ខេត្តបន្ទាយមានជ័យប្រជែងដណ្តើមយកតំណែងជើងឯក។
ថ្លែងប្រាប់ទូរទស្សន៍ អាស៊ីអាគ្នេយ៍ នាកន្លែងហ្វឹកហាត់ ក្លិបឃ្លាំងមឿងកីឡា កាលពីថ្ងៃម្សិលមិញ កីឡាករវ៉ាន់វឿនថាបានហ្វឹកហាត់ត្រៀមខ្លួនប្រមាណជា១ខែហើយ ដើម្បីស្វាគមន៍លាភរដ្ឋានៅវគ្គផ្តាច់ព័ត្រ។

អ្នកប្រដាល់គុនខ្មែររហ័សនាម អ្នកលេងដៃរហ័សច្បាស់កែង រូបនេះអះអាងទៀតថា ទោះបីកីឡាករលាភរដ្ឋាមានសមត្ថភាពខ្ពស់និងក្បាច់ប្រយុទ្ធធ្ងន់ៗពេលវាយសន្ធាប់លើគូរប្រកួតពិបាកទប់ទល់ក្តី ប៉ុន្តែក្បាច់ទាំងនោះខ្លួនក៍បានហាត់ពីរៀបការពារ និងវាយតបវិញដែរ។ ដូច្នោះពេលជួបលាភ រដ្ឋានៅវគ្គផ្តាច់ព្រ័តនៅថ្ងៃ ទី៣០ ខែ មិនា ខាងមុខនេះ ខ្លួនហាក់គ្មានអារម្មណ៍ភ័យព្រួយអ្វីនោះទេ ដឹងតែដាក់ចិត្តប្រកួតអោយអស់ពីសមត្ថភាព ដើម្បីប្រជែងដណ្តើមយកជ័យជំនះ។
ដោយឡែក គ្រូបង្វឹក លោក ជ័យ ស៊ីណេត បានបង្ហាញការជឿជាក់ថា ជំនួបវគ្គផ្តាច់ព្រ័ត្រនេះ វ៉ាន់ វឿនមានលទ្ធភាពដណ្តើមបានជ័យជំនះច្រើនជាងបរាជ័យ ដែលការរំពឹងឈ្នះនេះមានរហូតដល់ទៅ៩០% ដ្បិតកូនសិស្សខ្លួនមានកម្ពស់ខ្ពស់ជាងលាភរដ្ឋា។
សូមបញ្ជាក់ថា វ៉ាន់វឿន និងលាភ រដ្ឋា គឺជាកីឡាករដែលស្ថិតនៅក្នុងពូលAតែមួយមាន១២ពិន្ទុដូចគ្នា ហើយកីឡាករទាំងពីរនេះត្រូវបានគណៈកម្មាការសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចអោយឡើងជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ខណៈ ពូលB ដែលមានកីឡាករថៃ៤រូប គឺត្រូវបានគណៈកម្មាការមិនអនុញ្ញាតអោយឡើងប្រកួតវគ្គផ្តាច់ព្រ័ត្រដូចរូបមន្តត្រៀមទុកនោះទេ ពោលមកពីសមត្ថភាពនូវមានកម្រិត៕









