ប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅក្នុងយានដ្ឋានជួសជុលរថយន្តមួយកន្លែង ដែលមានឈ្មោះ កែវ សុខជឿន ហៅជាងយ៉ាវ ដោយសារតែបុរសម្នាក់ បានស្លាប់ក្នុងសភាពចងកសម្លាប់ខ្លូន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ប៉ុន្តែដោយស្ថានភាពយប់ មិនអាចឲ្យសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យបាន ដូច្នោះសមត្ថកិច្ចជំនាញ សម្រេចបិទទីតាំង ព្រមទាំងចាត់គ្នាយាម រង់ចំការធ្វើកោសល្យវិច្ឆ័យ នៅពេលព្រឹកវិញ។
លុះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នេះសមត្ថកិច្ចនៃស្នងការនគរបាលខេត្តប៉ៃលិន ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ីវ គឹមស៊ាន ស្នងការរងទទួលបន្ទុកបទល្មើសព្រហ្មទណ្ទ នៃស្នងការនគរបាលខេត្តប៉ៃលិន មានការ ចូលរួមពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អធិការក្រុង មេប៉ុស្ត៍ និងសមត្ថកិច្ចជាំនាញជាច្រើនរូប ។
លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ពិតជាមានករណី មនុស្សចងកសម្លាប់ខ្លូន ប៉ុន្តែយើងមិនទាន់ធ្វើកោសល្យវិច្ឆ័យ រកមូលហេតុបាននៅឡើយទេ ដោយសារតែកន្លែងកើតហេតុ យប់ ដូច្នោះរង់ចំសមត្ថកិច្ចជំនាញ នៃស្នងការនគរបាល ចុះមកធ្វើនៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ព្រោះសាកសព ដែលចងក មានឈាមហូរស្រោចខ្លូន ។
លោកអធិការ បន្តថា ជនរងគ្រោះឈ្មោះ ម៉ៅ ទិត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិស្តុកឃ្លោក ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ដោយជនរងគ្រោះ បានយករថយន្ត របស់ខ្លូនមកធ្វើនៅទីតាំងកើតហេតុខាងលើ ព្រមទាំងសម្រាកបានចំនួនពីរយប់ផងដែរ ។
បើតាមលោកវរសេនីយ៍ទោ ជា រ៉ាវុធ នាយការិយាល័យបច្ចេកទេស និងកោសលស្យវិច្ឆ័យ នៃស្នងការនគរបាលខេត្តប៉ៃលិន បានឲ្យដឹងដែរថា ករណីខាងលើ ជាអំពើឃាតកម្ម ព្រោះសភាពសពជនរងគ្រោះ មានស្លាកស្នាមអាករ រហូតដល់ដាច់ បំពង់ខ្យល់ ហើយយកសពទៅចងក ដើម្បីបំភ័ន្តដាន់សមត្ថកិច្ច ។ លោកបានបន្តថា នៅកន្លែងកើតហេតុ មានការដក់ឈាម ជាច្រើនកន្លែង មានឡាមផងដែរ ។
ចំណែកលោកឧត្តមសេនីយ៍ត្រី អ៊ីវ គឹមស៊ាន ស្នងការរងទទួលបន្ទុកបទល្មើសព្រហ្មទណ្ទ នៃស្នងការនគរបាលខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងថា ករណីខាងលើ ជាករណីឃាតកម្ម មិនមែនជាករណីធ្វើអត្តឃាតខ្លូនឯងនោះទេ ព្រោះសពជនរង គ្រោះ មានស្នាមរយះបំពង់ក មានឈាមជោគខ្លូន ដោយបច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ជនដៃដល់ មកផ្ទន្ទាទោសតាមច្បាប់ផងដែរ ៕ ដោយ សេង សុវណ្ណារិទ្ធ
















