ខេត្តកំពង់ស្ពឺ ៖ កំលាំងនគរបាលអធិការដ្ឋានក្រុងច្បារមន បានទទួលបណ្ដឹងពីជនរងគ្រោះ ស្ដីពីករណីហឹង្សាដោយចេតនា កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងរោងការមួយកន្លែង នៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលក្រុងច្បារមនបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានករណីអំពើហិង្សាដោយចេតនា បណ្ដាលឲ្យជនរងគ្រោះរងរបួស ចំក្បាល ដេរចំនួន០៥ថ្នេរ កើតឡើងនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺ ដោយជនរងគ្រោះមានឈ្មោះ ម៉ប់ រ៉ាន់ដា ហៅថ្លែន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមប្រភពបង្ហាញឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅចូលរួមក្នុងកម្មវិធីចូលរោងការ របស់ឈ្មោះ ឆាង នី រស់នៅភូមិឃុំជាមួយគ្នា ខណៈដែលកំពុងតែអង្គុយហូបបាយ ក៏មានឈ្មោះ សេត សាម៉ាឌី ហៅខួច ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកភូមិជាមួយគ្នា បានយកឆ្នាំងដាំបាយមកវ៉ៃ។ ពេលនោះជនដៃដល់ឈ្មោះ សេក សាម៉ាឌី បានរត់ចេញក្រៅរោងហើយ ជនរងគ្រោះក៏តាមមកសួរនាំ កំពុងតែសួរនាំក៏ស្រាប់តែឈ្មោះ ពេជ្រ សុភាព ហៅឌុយ ភេទប្រុស អាយុ២២ឆ្នាំ យកដំបងឬស្សីមកវាយ បណ្ដាលឲ្យត្រូវក្បាលចំពីខាងឆ្វេង បែកដេរចំនួន០៥ថ្នេរ ហើយជនដៃដល់ទាំងពីរក៏រត់គេចខ្លួនបាត់។ លុះព្រឹកទេីបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់សុព័រទេព ទេីបកំលាំងនគរបាលចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងពីរ រួចបញ្ជូនមកជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងច្បារមន ដេីម្បីកសាងសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តដើម្បី ចាត់ការបន្តតាមនិតិវិធី៕ អ៊ុ ណូន






