
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១)៖រថយន្តនិងម៉ូតូ សណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីថៃចូលមកខ្មែរតាមច្រករបៀងត្រូវ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកំលាំងយោធាទំនាក់ទំនងព្រំដែនច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចុះស្ទាក់ចាប់បានជាបន្តបន្ទាប់។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ករណីទី១នៅវេលាម៉ោង១និង៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១មានរថយន្តម៉ាកTOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2B-1715 បានលួចដឹកជ្រូករស់ចំនួន៨ក្បាលចេញពីប្រទេសថៃតាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ចំណែកករណីទី២នៅវេលាម៉ោង៣ និង៦នាទី ទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ ក្រុមការងារឃាត់បានម៉ូតូសន្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកHONDA WAVE ពណ៌ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន១១ក្បាល នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជ្រូករស់ទាំងនេះដឹកមកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកទៅចែកចាយនៅ ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។
វត្ថុតាងទាំង២ករណីសរុបមានសត្វជ្រូក១៩ក្បាលនោះត្រូវសមត្ថកិច្ចចំរុះយកមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)


