រាជធានីភ្នំពេញ ៖ សន្និសីទអន្តរជាតិលើកទី២ ស្ដីពី “កិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញ ទេសចរណ៍អាស៊ាន ក្រោមប្រធានបទ អភិវឌ្ឍធនធានមនុស្ស ដើម្បីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកប
ដោយនិរន្តរភាព” រយៈពេល ២ថ្ងៃ នៅរាជធានីភ្នំពេញ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២០ មិថុនានេះដោយ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន ។
ដោយឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណចំពោះលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិកអាស៊ាន ដែលបានស្នើឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ នេះឡើង ក្នុងស្មារតីសាមគ្គីភាព និងមិត្តភាព ដើម្បីចែករំលែកបទពិសោធន៍ ភាពជោគជ័យ ទស្សនទាន និងផ្ដល់នូវធាតុចូលថ្មីៗ ពីភាគីពាក់ព័ន្ធក្នុងតំបន់ និងពិភពលោក សំដៅដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់អាស៊ាន ក្នុងគោលបំណងជំរុញការអភិវឌ្ឍជំនាញ និងការងារក្នុងវិស័យទេសចរណ៍អាស៊ាន ទាំងមូល ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងនិន្នាការទេសចរណ៍សកលលោក ព្រមទាំងការរីកចម្រើន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានពិភពលោកចាត់ទុកជាវិស័យដែលមានភាពធន់នឹងវិបត្តិ និងជាសសរស្ដម្ភ ទ្រទ្រង់កំណើនសេដ្ឋកិច្ចពិភពលោក។ ជាក់ស្ដែង ទោះមានអស្ថេរភាពក្នុងប្រទេសមួយចំនួន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកលលោក ការគំរាមកំហែងដោយ ភេរវកម្ម និងជំងឺរាតត្បាតយ៉ាងណាក្តី វិស័យទេសចរណ៍ពិភពលោកនៅតែមានកំណើនគួរឲ្យកត់សម្គាល់ ដោយនៅឆ្នាំ២០១៧ ពិភពលោកទាំងមូលបានទទួលស្វាគមន៍ទេសចរអន្តរជាតិ ប្រមាណ១៣២៣លាននាក់ ក្នុងកំណើន ៧% រួមចំណែកប្រមាណ ១០% នៃផលិតផលក្នុងស្រុកសរុប បង្កើតការងារ ១ ក្នុងចំណោមកាងារ ១០។ ចំណូលពីវិស័យទេសចរណ៍ និងធ្វើដំណើរពិភពលោកស្មើនឹង ៣០% នៃការនាំចេញផ្នែកសេវាកម្ម និង ៧% នៃការនាំចេញសរុប ស្ថិតក្នុងលំដាប់លេខ៣ នៃការនាំចេញពិភពលោក ខណៈដែលការនាំចេញប្រេងឥន្ទនៈ ស្ថិតលំដាប់លេខ១ និងការនាំចេញផលិតផលគីមីស្ថិត លំដាប់លេខ២ ហើយតាមការព្យាករណ៍ទេសចរណ៍ពិភពលោក នឹងនៅតែបន្តកើនឡើងតទៅទៀត ដោយឆ្នាំ២០២០ ពិភពលោករំពឹងនឹងទទួលបានទេសចរអន្តរជាតិជាង ១៤០០លាននាក់ និង ១៨០០លាននាក់ នៅឆ្នាំ២០៣០។
ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា នៅក្នុងបរិបទអាស៊ាន ប្រទេសជាសមាជិក បានខិតខំសហការអភិវឌ្ឍ តំបន់ទាំងមូលឲ្យក្លាយជាគោលដៅទេសចរណ៍តែមួយ ប្រកបដោយគុណភាព តាមរយៈការដាក់ចុះ និងអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១១-២០១៥ និង ២០១៦-២០២៥ ដើម្បីសម្រេចចក្ខុវិស័យរបស់ខ្លួន ដែលបានកំណត់យ៉ាងច្បាស់លាស់ និងប្រាកដនិយមថា “នៅឆ្នាំ២០២៥ អាស៊ាននឹងក្លាយជាគោលដៅទេសចរណ៍ ដែលមានគុណភាពផ្តល់នូវបទពិសោធន៍ល្អឯក និងសម្បូរបែបដល់ទេសចរណ៍ តាមរយៈការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និរន្តរភាព និងបរិយាប័ន្ន ដែលនឹងចូលរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសុខដុមនីយកម្ម ដល់ប្រពលរដ្ឋអាស៊ានទាំងមូល”៕ (អត្ថបទៈចាន់ សុភឿន,រូបភាពៈហេង សុខន)








