ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកTassilo Brinzer បានបញ្ជាក់ជូន ឯ.ឧ វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីជំនួបម្សិលមិញថា សហភាពអឺរ៉ុប នឹងនៅតែជាដៃគូសហ ការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម ក្នុងការជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែ ច្នៃកសិផល ការបណ្តុះបណ្តាលធន ធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែ ប្រួលអាកាសធាតុ និងបរិយាប័ន្ន។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន មានប្រសាសន៍ថា វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ បាននូវសន្តិសុខស្បៀង និងកំពុងជំរុញការនាំចេញកសិនផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករ បរិមាណកសិផល នាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ហេតុ នេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិ ផលកម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាអាចនាំកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបបានកាន់តែច្រើនថែមទៀត។
ទន្ទឹមនឹងនេះ ជួយផ្តល់កិច្ចសហការលើការងារបច្ចេកទេសកសិកម្មសមស្រប ដើម្បីបង្កើនផលិតភាពផលិតកម្ម មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន និងការ ប្រែប្រួលអាកាសធាតុ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្មកែច្នៃកសិផល ចំណីសត្វ និងចំណីត្រីការវិនិយោគលើវិស័យធុរកិច្ច និងកែច្នៃកសិកម្ម ដើម្បីប្រមូលកសិផល បែងចែក ត្រួតពិនិត្យ និងវាយតម្លៃគុណភាព ទីណាត់ជួបរវាងអ្នកផលិត និងអ្នកបញ្ជាទិញ បង្កើតការងារ បង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញវត្ថុធាតុ ដើម។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីរួមគ្នារក្សាបរិយាកាសវិនិយោគលើវិស័យកសិកម្ម និងការធ្វើធុរកិច្ចកសិកម្មនៅកម្ពុជាឲ្យមានលក្ខណកាន់តែល្អប្រសើរ។
លោក Brinzer ឲ្យដឹងថា គោលបំណងសំខាន់នៃជំនួបនាព្រឹកនេះគឺដើម្បីពង្រឹង និងពង្រីកកិច្ចសហការរវាង The EuroCham ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាង ណារួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ លោក មានសុទិដ្ឋិថា បើទោះបីកម្ពុជា កំពុងជួបវិបត្តិជំងឺឆ្លងកូវីដ-១៩ ប៉ុន្តែរាជ រដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនដូចប្រក្រតី មិនតែប៉ុណ្ណោះវាកំពុងមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ធានាបានសន្តិសុខស្បៀង និងជំរុញការនាំចេញ ក្នុងខណ:វិស័យមួយកំពុងមានវិបត្តិ៕






