ខេត្តកំពង់ឆ្នាំង,ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃនេះ បានបញ្ជូនជនសង្ស័យចំនួន ៣ នាក់ ទៅកាន់តុលាការ ក្នុងបទចែកចាយ ប្រើប្រាស់និងរក្សាទុកនូវសារធាតុញៀន ២ករណីផ្សេងគ្នា ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២២ ខែ មេសាឆ្នាំ២០២០ ។
លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា៖ ករណីទី១ នៅវេលាម៉ោង១០និង៣០នាទីព្រឹក សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន១នាក់ ឈ្មោះ ឌិន គាណា ភេទប្រុសអាយុ ៣០ ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ មុខរបរជាងផ្សាដែក ដោយបានដកហូតវត្ថុតាងរួមមានថ្នាំម្សៅក្រាមពណ៌សសង្ស័យម៉ាទឹកកកចំនួន ៤កញ្ចប់ធំ មានទម្ងន់ ៤២,៥ក្រាម និងថ្នាំពណ៌ក្រហមប្រភេទយ៉ាម៉ាចំនួន 5គ្រាប់ រួមនិងសម្ភារៈវេចខ្ចប់មួយចំនួន ។
ចំណែកករណីទី២ នៅវេលាម៉ោង២និង៣០នាទីរសៀល សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ២ នាក់ នៅចំណុច ភូមិដង្ខៅម៉ៅ ឆ្នុកទ្រូ ស្រុក បរិបូណ៌ ។
ជនសង្ស័យទាំង ២ នាក់ ម្នាក់ឈ្មោះស៊ឹម សុភារិទ្ធិ អាយុ៣០ ឆ្នាំ នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃខេត្តពោធិ៍សាត់ និងម្នាក់ទៀត ឈ្មោះ ធី ថារិន 23 ឆ្នាំ មានទីលំនៅភូមិថ្គោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើ ដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន ២ កញ្ចប់ធំមានទម្ងន់ ៥៤,៥ក្រាម ទូរស័ព្ទដៃ៤ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
លោក មេបញ្ជាការបានបន្តថាៈ បន្ទាប់ពីធ្វើការសាកសួររយៈពេលពេញ១ថ្ងៃ ទើបសមត្ថកិច្ចបញ្ជូនជនសង្ស័យជាមួយវត្ថុតាងទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕






