(ខេត្តកំពង់ចាម,ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១)៖ អាជ្ញាធរខេត្តបានចេញ បម្រាមមិនឲ្យមានការជួបជុំផឹកស៊ីនោះទេដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-១៩ ទោះបីជាមានបម្រាមបែបនេះក្តី(អតីតម្ចាស់សង្វៀនបញ្ជល់មាន់) ហ្នឹងមនុស្សជាច្រើននាក់ទៀតបាននាំគ្នាផឹកស៊ីរហូតឈានដល់មានទំនាស់ពាក្យសំដីកើតឡើងនៅក្នុងឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ ដោយជនដៃដល់បានប្រើអាវុធខ្លីម៉ាករ៉ូឡូ បាញ់ទៅលើគូទំនាស់នៅ ក្នុងវង់ផឹកស៊ីបណ្ដាលឲ្យរងរបួសមួយគ្រាប់ត្រង់ជើងខាងស្ដាំ រងរបួសហូរឈាម ។
រួចក៏រត់គេចខ្លួនបាត់រហូតមកដល់ល្ងាចថ្ងៃទី ១៨ មេសា ២០២១ ជនដៃដល់ដែលជាអតីតម្ចាស់សង្វៀនបញ្ជល់មាន់នោះ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ ។
សមត្ថកិច្ចមូលដ្ឋានបានរំលឹកថា:ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លីបណ្តាលឱ្យរងរបួស) នៅវេលាម៉ោង៤ និង៣០នាទីរៀលថ្ងៃទី១៦ មេសា ២០២១ កន្លងទៅ នៅចំណុចកោះស្វាស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បង្កឡើងដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ មានស្ថានភាពស្រវឹងស្រា បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់បណ្តាលឱ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ០១កន្លែង (មូលហេតុមានទំនាស់ពាក្សសំដី) ហើយត្រូវបានគូកនជនដៃដល់ជួយដឹកអ្នករងគ្រោះមកមន្ទីរពេទ្យ។
សមត្ថកិច្ចបានរៀបរាប់បន្តឲ្យដឹងទៀតថា បន្ទាប់ពីបាញ់ប្រហារលើជន រងគ្រោះរួចមកជនបង្កដែលប្រដាប់ដោយអាវុធខ្លីនោះក៏បានគេចខ្លួនបាត់ចេញពីកន្លែងផឹកស៊ី។
បន្ទាប់មកក៏មានមិត្តភក្កិបានយករថយន្តដឹកអ្នករងគ្រោះមកសង្គ្រោះនៅមន្ទីរខេត្តកំពង់ចាម ត្រូវបានក្រុមគ្រូពេទ្យព្យាបាលមុខរបួសរួចរាល់ ក៏បានវិលត្រឡប់ទៅផ្ទះវិញដោយសារតែមិនរងរបួសធ្ងន់នេះចាត់ទុកជាសំណាង។
ក្រោយពីកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលសហការជាមួយជំនាញព្រហ្មទណ្ឌស្រុកបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុនិងបានស្វែងរកតាមចាប់ខ្លួនជនដៃដល់តែជននោះបានរត់គេចខ្លួនចេញពីមូលដ្ឋាន។
ករណីនេះអ្នករងគ្រោះហាក់បីដូចជាមានការលាក់លាមពេលសមត្ថកិច្ចសួរនាំក្រោយហេតុការណ៍ ចំណែកពាក្យបណ្ដឹងវិញក៏មិនបានដាក់ប្ដឹងលើជនដៃដល់ដែរ។ទោះជាបែបនេះក្តី ជនល្មើសបានជាប់បណ្ដឹងអាជ្ញារួចទៅហើយ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាជនដៃដល់ឈ្មោះរ៉ាន់ មានកៅស៊ូជាច្រើនហិកតា ចំពោះអាវុធខ្លីម៉ាករ៉ូឡូនោះ មិនដឹងថាជននេះបានពីណាមកទេក្រោយកើតខេត្តរត់គេចខ្លួនយកទាំងអាវុធទៅជាមួយផង។
ករណីនេះសំណុំរឿងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីស្រាវជ្រាវនិងអង្កេតបន្តទៀត ហើយសមត្ថកិច្ចប្ដេជ្ញាថានឹងស្វែង រកចាប់ខ្លួនជនដៃដល់ឲ្យខាងតែបានយកមកផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)






