
(ក្រុងប៉ោយប៉ែត,ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១)៖ទាហានថៃបានឃាត់ ខ្លួនពលរដ្ឋថៃចំនួន៤នាក់ ព្រមទាំងមេខ្យល់ម្នាក់ បន្ទាប់ពីលួចឆ្លងដែនខុសច្បាប់តាមច្រករបៀង ពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ ព្រោះខ្លាចការរាតត្បាតមេរោគcovid19 នៅកាស៊ីណូខាងប៉ោយប៉ែត។
នៅថ្ងៃទី២៣ឧសភាឆ្នាំ២០២១នេះ អ្នកសារព័ត៌មានថៃរាយការណ៍ថា ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ តាមវិធានការរឹតបន្តឹងក្នុងការទប់ស្កាត់ពលករបរទេស ដែលលួចចូលប្រទេសខុសច្បាប់ នឹងអនុវត្តតាមបទបញ្ជាររបស់ថ្នាក់លើ រួមទាំងបញ្ជាររបស់អភិបាលខេត្តស្រះកែវ បានបញ្ជាឲ្យតាមបណ្ដាភូមិដែលជាប់ព្រំដែន បង្កើតប៉ុស្ត៍ប្រចាំការរហូត២៤ម៉ោង នៅតាមផ្លូវចេញ ចូលភូមិ សមត្ថកិច្ចបានទទួលការទំនាក់ទំនងពីអភិបាលស្រុកគោកឃ្យូងថា កម្លាំងរក្សាសន្តិសុខភូមិណង យ៉ាកែវ ឃុំគោកឃ្យូង ស្រុកគោកឃ្យូង បានឃុំខ្លួនជនជាតិថៃ ដែលលួចចូលមកពីខាងប្រទេសកម្ពុជា បានចំនួន៤នាក់ ក្នុងនោះប្រុស២នឹងស្រី២នាក់ នឹងមេខ្យល់ស្រីម្នាក់ ដែលជាអ្នករស់នៅភូមិណង យ៉ាកែវ ទើបឃុំខ្លួននាំមកសាកសួរ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំជនជាតិថៃទាំង៤នាក់នេះ បានប្រាប់ថា ធ្វើដំណើរមកពីខាងប៉ោយប៉ែត ប្រទេសកម្ពុជា ធ្វើការនៅក្នុងកាស៊ីណូអនឡាញ ដោយចូលទៅធ្វើការ នឹងទៅលេងល្បែងភ្នាល់ តាំងពីមុនបុណ្យចូលឆ្នាំខ្មែរ ថែមទាំងបានប្រាប់សមត្ថកិច្ចទៀតថា មូលហេតុដែលចង់ត្រឡប់ចូលប្រទេសថៃវិញ ព្រោះខ្លាចឆ្លងកូវីដ-១៩ ដែលកំពុងរាត្បាតនៅកាស៊ីណូប៉ោយប៉ែត ទើបសមត្ថកិច្ចនាំខ្លួនទៅអនុវត្តតាមវិធានការសុខាភិបាល បន្ទាប់មកក៏បញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ចាត់ការតាមច្បាប់បន្ត នឹងទាក់ទងទៅផ្នែកសុខាភិបាល ដើម្បីយកទៅឃុំខ្លួន១៤ថ្ងៃ នឹងពិនិត្យរកវីរុសកូវីដ-១៩៕
ដោយ៖ នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)

