
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចំអកទៅកាន់ក្រុមអត្ថាធិប្បាយខ្លះថា មិនបានចូលរួមប្រជុំបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទេ ប៉ុន្តែ បែរជានិយាយអត្ថាធិប្បាយកិច្ចព្រមព្រៀងនេះទៅវិញដែល សម្តេចតេជោចាត់ទុកថា ការអត្ថាធិប្បាយទាំង នោះ គឺខុសពីការពិត។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមាន ជ័យ នាព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គ្មានបរទេសណាមកធ្វើជំនួសខ្មែរទេ សូម្បីតែអ៊ុនតាក់ដែលបានចំណាយលុយអស់ជាង២ ពាន់លាន តែមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជា ថែម ទាំងបន្សល់ទុកកម្ពុជាមួយ តំបន់ត្រួតត្រា២។ សម្តេចតេជោ ក៏បានបន្តលើកឡើងថា ទោះជា យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសម្រេចបានពិត ប៉ុន្តែអ៊ុនតាក់មិនអាចសម្រេចកិច្ចការបានដោយបន្សល់ទុកឱ្យកម្ពុជារដ្ឋាភិបាល២ គឺភាគីរដ្ឋាភិបាល និងខ្មែរក្រហម។ ដោយនយោបាយ ឈ្នះ ឈ្នះ ទើបកម្ពុជារកបាននូវការបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃ។
សូមជម្រាបថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ គឺជាខួប ៣១ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២២) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣១ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជា ពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាង ដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN- TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN- TARDENOIS ថ្ងៃទី ០២-០៤ ខែធ្នូ ឆ្នាំ ១៩៨៧)។ បន្ទាប់ មកក៏មានកិច្ចចរចាបន្តរវាង សីហនុ- ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញ លេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕


