សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ប៉ុន្តែបន្តកិច្ចសហប្រ តិបត្តិការតាមយន្តការដែលមានស្រាប់ និងកម្រិតប្រទេសតែម្តង។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម សនសៃ ស៊ីផាន់ ដន នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ នៅវិមាន ៧មករា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូន ឯកឧត្តម សនសៃ ស៊ីផាន់ដនថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។ សម្តេចតេជោ បានបន្តទៀតថា ប្រទេសយើងទាំងបី កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលបានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសយើងទាំងបី។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់ផងដែរថា ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)ក្នុ ងនាមរដ្ឋាភិបាលឡាវ និងខ្លួនឯកឧត្តមផ្ទាល់ ឯកឧត្តមសូមសម្តែងនូវការយល់ចិត្តយល់ថ្លើមនៃការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា ឯកឧត្តម នឹងសហការយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី។
ឯកឧត្តម សនសៃ ស៊ីផាន់ដន បានអរគុណកម្ពុជា ដែលជាបងប្អូនដ៏ស្មោះស្ម័គ្រ ដែលបានគាំទ្រកិច្ចប្រជុំអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA) នៅឡាវ រហូតទទួលបានជោគជ័យតាមគោលដៅយ៉ាងត្រចះត្រចង់។
ឯកឧត្តម សនសៃ ស៊ីផាន់ដន បានសម្តែងនូវសេចក្តីអំណរអរគុណដល់ប្រទេសកម្ពុជា ដែលសម្តែងនូវការយកចិត្តទុកដាក់ និងការជួយគ្នាក្នុងគ្រាអាសន្ននៃគ្រោះធម្មជាតិនៅប្រទេសឡាវ។ ឯកឧត្តម ក៏បានជម្រាបជូន សម្តេចតេជោ អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាពេលកន្លងទៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ។
ឯកឧត្តម សនសៃ ស៊ីផាន់ដន បានបន្តជម្រាបជូន សម្តេចតេជោ ឯកឧត្តម មានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការតាមព្រំដែន ដែលភាគីប្រទេសយើងទាំងពីរ បានស្តាប់ទស្សនគ្នាទៅវិញទៅមក យោគយល់គ្នាអស់ពីចិត្តអស់ពីថ្លើម និងត្រង់ទៅត្រង់មក។
ឯកឧត្តម ក៏បានស្នើឱ្យបរិយាកាសកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អនេះ បន្តទៅមុខដើម្បីឈានទៅដោះស្រាយកិច្ចការព្រំដែនរួមគ្នាប្រកបដោយការអភិវឌ្ឍ។ ឯកឧត្តម បានសម្តែងនូវក្តីសង្ឃឹមថា សម្តេចតេជោ នឹងបន្តពូនជ្រំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងនាយករដ្ឋមន្រ្តីនៃប្រទេសយើងទាំងពីរ រវាងគណបក្សនិងគណបក្ស និងរវាងប្រជាជនយើងផងដែរ៕






