សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា សម្ដេច នឹងកាត់ដៃខ្លួនឯង បើចុះហត្ថលេខាលើកលែងទោសឲ្យទណ្ឌិត សម រង្ស៊ីម្តងទៀត ដោយសារបុគ្គលនេះមិនព្រមកែប្រែ ហើយនៅបន្តបំផ្លិចបំផ្លាញកម្ពុជាបន្តទៀត។
ការបញ្ជាក់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺនៅក្រោយការប្តូរថ្ងៃខែ ឆ្នាំកំណើតថ្មី នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល នាព្រឹកម៉ិញ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់ចុះហត្ថលេខាលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី ចំនួន២លើកមកហើយ ដោយសារចង់ផ្តល់ ឱកាស និងបង្រួបបង្រួមក្នុងនាមជាជនជាតិខ្មែរដូចគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានផ្លូវនោះទេដែលសម្ដេច នឹងលើកលែងទោសឲ្យលោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួននៅក្រៅប្រទេសទៀតនោះ ពីព្រោះបុគ្គលនេះមិនព្រមរាងចាល ហើយនៅបន្តបំផ្លិចបំផ្លាញកម្ពុជា ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការគាំទ្រយ៉ាងផុលផុស ក្នុងចលនាកំចាត់ចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម នៃជនក្បត់ ៣ជំនាន់នេះ។ សម្ដេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ទៀតថា ប្រទេសកម្ពុជា ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែង ចាំបាច់ត្រូវបំផ្លាញចោលនូវមនោគមន៍វិជ្ជាជ្រុលនិយម ដោយត្រូវកំចាត់ចោលតែម្ដង៕






