សម្ដេចតេជោ គាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ ការគាំទ្រនេះធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារ ណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។
ឯកឧត្តម ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ ស្ថាន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរយៈពេល៣០ ឆ្នាំ មកនេះ ដែលមានមូលដ្ឋានលើការទុកចិត្តគ្នា ការគាំទ្រគ្នា និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
កាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមថា កម្ពុជានឹងបន្តគាំទ្រកាហ្សាក់ស្ថាន ក៏ដូចជាគាំទ្រដល់សេចក្តីព្រាងដំបូងនៃធម្មនុញ្ញ ដើម្បីធ្វើឱ្យសន្និសីទនេះ ក្លាយជាអង្គការកម្រិតអន្តរជាតិជាផ្លូវការមួយ។
ក្រៅពីនេះ ឯកឧត្តម ក៏សូមស្នើកម្ពុជា បន្តគាំទ្រកាហ្សាក់ស្ថាន ក្នុងឋានៈជាប្រទេសសង្កេត ការណ៍របស់អាស៊ាន និងក្នុងក្របខណ្ឌអន្តរជាតិផ្សេងៗ។
កាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ ទំនងនយោបាយ និងវប្បធម៌ជាដើម។
ក្នុងវិស័យសេដ្ឋកិច្ច ឯកឧត្តមទទួលស្គាល់ថា ទំហំពាណិជ្ចកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរ គឺនៅមានកម្រិតទាបនៅឡើយ ប៉ុន្តែឯកឧត្តមនឹងខិតខំពង្រីកទំហំពាណិជ្ជកម្មឱ្យឈានដល់ទំហំ ៣០០លានដុល្លារអាមេរិក និងដល់កម្រិត ១ ពាន់លានដុល្លារអាមេរិកនាថ្ងៃខាងមុខ។
ឯកឧត្តមបញ្ជាក់ថា ប្រទេសកាហ្សាក់ស្ថាន មានសក្តានុពលក្នុងវិស័យកសិកម្ម រ៉ែ ថាមពល និងហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ចូន។
ឯកឧត្តម បានជម្រាបសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ពីគម្រោងតភ្ជាប់ជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងក្រុងព្រះសីហនុផងដែរ ដើម្បីពង្រីកទំនាក់ទំនងវប្បធម៌ ជំរុញកំណើនទេសចរ និងជំរុញអ្នកវិនិយោគ ដែលត្រូវធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។
ឯកឧត្តម ក៏បានលើកអំពីការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់កម្ពុជា និងបណ្តាប្រទេសអាស៊ាន ជាមួយផ្លូវសូត្រចិន និងច្រករបៀង Caspian ដែលអាចឱ្យកម្ពុជាដឹកជញ្ជូនទំនិញទៅអឺរ៉ុប ដោយប្រើរយៈពេលត្រឹម ១៥ថ្ងៃ បើធៀបទៅនឹងការដឹកតាមសមុទ្រដែលត្រូវប្រើរយៈពេល ២ខែ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរ សម្រាប់អ្នកកាន់លិខិតឆ្លងដែនផ្លូវការ និងការទូតផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានកោតសរសើរប្រទេសកាហ្សាក់ ស្ថាន ដែលជាប្រទេសមានភ័ពសំណាងសម្បូរទៅដោយធនធានធម្មជាតិដូចជាប្រេង និងរ៉ែធម្មជាតិផ្សេងៗ ព្រមទាំងមានសក្តានុពលវិស័យកសិកម្មថែមទៀត។
សម្តេចតេជោ បានគាំទ្រចំពោះគំនិតផ្តួចផ្តើម ដែលឯកឧត្តមអគ្គរដ្ឋទូតបានលើកឡើង ដូចជាកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិត ឆ្លងដែនផ្លូវការ និងការទូត និងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំហំពាណិជ្ចកម្មជាដើម។
សម្តេចតេជោ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរប់យើងគឺនៅទាបខ្លាំងណាស់ខណៈ សក្តានុពលនៃប្រទេសយើងពីរមានច្រើន។
សម្តេចតេជោ ក៏បានគាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយការហោះហើរត្រង់ពីកាហ្សាក់ ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។
ចំពោះការតភ្ជាប់ផ្លូវលឿនលឿនអាស៊ី និងផ្លូវរទេះភ្លើងល្បឿនលឿនអាស៊ី ដែលភ្ជាប់ប្រទេសតំបន់អាស៊ានទៅចិន និងទៅអាស៊ីកណ្តាល ប្រទេសកម្ពុជា នឹងអនុវត្តតាមផែនការអាស៊ាន ស្តីពីការតភ្ជាប់នេះ ដែលច្បាស់ណាស់និងឆ្លងកាត់កាហ្សាក់ស្ថានផងដែរ៕






