សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការិនីចំនួន១៥០០នាក់ ដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរដល់ក្រុមហ៊ុនសាងសង់ ព្រមទាំងក្រុមបុគ្គលិកទាំងអស់ដែលបានខិតខំប្រឹងប្រែងសាងសង់អគារប្រកបដោយការទទួលខុសត្រូវ ពិសេសគឺបានសាងសង់បានលឿនជាងផែនការ និងប្រកបដោយគុណភាព ដែលធ្វើឱ្យមានការកោតសរសើរជាច្រើនពីសាធារណៈមតិ បន្ថែមលើភាពលេចធ្លោនៃការរចនាប្លង់សំណង់អគារទាំងមូល។ សម្ដេចក្រឡាហោម បានបង្ហាញការពេញចិត្ត និងមានមោទកភាពក្រៃលែងចំពោះដំណើរការសាងសង់អគារថ្មីនេះ ដោយសារសម្ដេចមានទំនុកចិត្តចំពោះគណៈកម្មការដឹកនាំការសាសង់ដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងក៏ដោយសារអគារទីស្ដីការក្រសួងថ្មីនេះត្រូវបានរចនា និងសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។
សម្ដេចក្រឡាហោម សង្ឃឹមជឿជាក់ថាគណៈកម្មការសាងសង់ ក្រុមហ៊ុន ក្រុមស្ថាបត្យករ វិស្វករ និងកម្មករកម្មការិនីទាំងអស់ នឹងបន្តរួមគ្នាខិតខំប្រឹងប្រែងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះឱ្យបានរួចរាល់ និងប្រកបដោយគុណភាព។
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ក៏បានផ្ដល់ជូនក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនី នូវអំណោយមួយចំនួន រួមមានសារ៉ុង១ មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកក្រូច៥កំប៉ុង ទឹកសុទ្ធ១កេស និងថវិកាចំនួន១សែនរៀលផងដែរ៕






