
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរ ណ៍ផ្លូវគោក (គ.ស.ច.គ.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងផែនការជាតិទសវត្សរ៍សុវត្ថិ ភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការពេញចិត្តចំពោះផែនការនេះ ដ្បិតមានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ក្នុងការដោះស្រាយបញ្ហាចរាចរណ៍នៅកម្ពុជា។
សម្ដេចបានឯកភាពចំពោះយោបល់ ស្នើឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យលទ្ធភាពពិចារណាស្នើសុំរាជរដ្ឋា ភិបាលកំណត់ឆ្នាំផលិតរថយន្តនាំចូលមកកម្ពុជា ដើម្បីកាត់បន្ថយរថយន្តជជុះមានហានិភ័យ។ សម្ដេចក៏បានជំរុញឱ្យខិតខំបន្ថែមទៀត ក្នុងការជំរុញការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារ ណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ថ្លែងថាផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាផែនការសកម្ម ភាពរយៈពេល១០ឆ្នាំ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ និងជាផែនការជាតិលើកទី២ បន្តពីលើកទី១ ពីឆ្នាំ ២០១១ ដល់ឆ្នាំ២០២១។
ផែនការនេះ ជាឧបករណ៍រួមចំណែកសម្រេចជោគជ័យនូវយុទ្ធសាស្រ្តចតុកោណរាជរដ្ឋាភិបាលកម្ពុជា និងស្របតាមគោល នយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោកជំទាវបន្តថា ផែនការជាតិនេះ បានសម្របសម្រួលទៅតាមផែនការសកម្មភាពអង្គការសហប្រជាជាតិ (UN) ផ្អែកតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងស្រប តាមការវិវត្តន៍ជឿនលឿនរបស់ជាតិលើគ្រប់វិស័យ ជាពិសេសវិស័យពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍ផ្លូវគោក ដូចជាអត្រាកំណើនប្រជាជន កំណើនសេដ្ឋ កិច្ច កំណើនយានយន្ត ការអភវិឌ្ឍវិស័យផ្លូវថ្នល់ ស្ថាន ភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បទពិសោធន៍ល្អៗនៃវិធានការរឹតបន្តឹងការអនុវត្តច្បាប់ និងបញ្ហាប្រឈមនានា។
.របាយការណ៍ឱ្យដឹងថា ផ្នែកសំខាន់នៃផែនការជាតិទសវត្សរ៍សុត្ថភាពចរាចណ៍ផ្លូវគោកលើកទី២ មានគោលបំណងកាត់បន្ថយអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគ រយនៅឆ្នាំ២០៣០ ដោយផ្ដោតលើគោលដៅសំខាន់២ រួមមាន ទី១.កាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសតាមកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងទី២. បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយផ្អែកលើសរសរស្ដម្ភចំនួន៦។
សូមបញ្ជាក់ថា យុទ្ធសាស្រ្តនៃផែនការនេះបានកំណត់គោល ដៅជាក់លាក់លើរាជធានី និងខេត្តមានស្លាប់ និងរបួសច្រើន រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រះសីហនុ កំពង់ចាម សៀមរាប បន្ទាយមានជ័យ ក្រចេះ កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ និងខេត្តកំពត ដោយផ្ដោតលើមូលហេតុនាំឱ្យមានគ្រោះថ្នាក់ ដូចជាការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ជាដើម៕


