សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាល ពន្លឿនការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋនៅភ្នំពេញ និងខេត្តកណ្ដាលឲ្យ បានរួចរាល់ត្រឹមខែឧសភា និងមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩។
សម្តេចតេជោ បញ្ជាក់ថា វ៉ាក់សាំង នឹងចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នា គ្រាន់តែថាក្នុងរយៈពេលមួយសប្តាហ៍ មិនអាចចាក់គ្រប់គ្នាបានទេ ខណៈពេលនេះក្រុមគ្រូពេទ្យកំពុងប្រមូលផ្តុំការខិតខំបង្កើនការចាក់វ៉ាក់សាំង ជូនប្រជា ពលរដ្ឋនៅតំបន់ក្រហមជាមុនសិន។ ជាមួយគ្នានេះសម្ដេចតេជោ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ធ្វើការអត់ធ្មត់ និងរង់ចាំ ទទួលវ៉ាក់សាំងនៅពេលដ៏ខ្លីខាងមុខនេះ។
កាលពីសប្តាហ៍មុនសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានប្រគល់តួនាទី ឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការ ពារជាតិ រៀបចំក្រុមគ្រូពេទ្យកងទ័ព ដើម្បីពន្លឿននូវការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម។
យោងតាមរបាយការណ៍ រយៈពេលពីរថ្ងៃពេទ្យយោធា បានចាក់ជូនប្រជាពលរដ្ឋ នៅតំបន់ក្រហមបានជាង៥ម៉ឺ ៣ពាន់ នាក់ ដោយបន្ថែមទីតាំងចាក់ដល់ ៦០កន្លែង។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេ នាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំង នៅតំបន់ក្រហម បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនៅថ្ងៃទី២ មានភាពល្អប្រសើរជាងថ្ងៃទី១។ កងទ័ពបានសម្រេចបង្កើនទីតាំងចាក់ពី ៤៤ទី តាំង រហូតដល់ ៦០ទីតាំង និងបានបន្ថែមក្រុមការងារចាក់វ៉ាក់សាំងរហូតដល់ជិត ៣ពាន់នាក់។ ការបន្ថែមកម្លាំងនេះ ដើម្បីបង្កើនល្បឿននៃការចាក់ឱ្យសម្រេចបានតែមផែនការកំណត់។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ ដែលមានចំនួនជិត៥០ម៉ឺននាក់។
គិតមកដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋទូទៅ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធបានចំនួនជាង១លាន ៤សែននាក់ ដោយកម្ពុជាឈរនៅលំដាប់ទី២ បន្ទាប់ពីសិង្ហបុរី នៅក្នុងតំបន់អាស៊ាន ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជា ពលរដ្ឋច្រើនជាងគេ៕






