សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការ គោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកប ដោយការអនុវត្ត និង ការកសាងសមត្ថភាព។
ថ្លែងក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ក្រុងសៀមរាប ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំ នៅពេលនេះ បានធ្វើឡើង ស្របពេលដែលកំពុងមាន ការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័សភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខ សកល និងបរិស្ថានសេដ្ឋកិច្ច។
សម្តេចសង្កត់ធ្ងន់ថា ការប្រកួតប្រជែងយ៉ាងស្រួចស្រាល់ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបន្តដោះ ស្រាយជំងឺរាតត្បាតកូវីដ-១៩ វិបត្តិស្បៀងអាហារ និង ថាមពលការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និង សង្គ្រាមបានបង្កើតឱ្យមាននូវ «ស្ថានភាពដ៏អាក្រក់» មួយ។
ទន្ទឹមនេះបញ្ហាផលប៉ះ ពាល់ពីការប្រែប្រួលអាកាសធាតុ ក៏កាន់តែបង្ហាញច្បាស់ទាំងទំហំ និងភាពញឹកញាប់។ សម្តេចតេជោ មានប្រសាសន៍ថា ពិភព លោកកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ស្របពេល ដែលវិបត្តិដ៏ស្មុគស្មាញជាច្រើន បាននិងកំពុងបង្កការគំរាមយ៉ាងខ្លាំងដល់គ្រឹះនៃសន្តិភាព ស្ថិរភាព និង វឌ្ឍនភាពរបស់ប្រជាជាតិទាំងឡាយនៅជុំវិញពិភព លោក។
បន្ថែមលើនេះការធ្លាក់ចុះនៃយន្តការពហុភាគីនិយម ក៏ធ្វើឱ្យយើងអស់គ្នាទទួលរងនូវផលវិបាក ។
សម្តេចតេជោ បញ្ជាក់ថា ÷ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ឡើង ក្នុងការលើក កម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយការអនុវត្ត និង ការកសាងសមត្ថភាព។
ការលើកកម្ពស់នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញ ទៅមក, ការជឿទុកចិត្តគ្នាទៅវិញ ទៅមក និង ផល ប្រយោជន៍រួម ដើម្បីសន្តិភាព និង វិបុល ភាព (M4P2) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។
ក្នុងឋានៈជារដ្ឋតូចមួយ, កម្ពុជា គាំទ្រយ៉ាងមុតមាំជានិច្ច ចំពោះយន្តការពហុភាគីនិយម ប្រកបដោយបរិយាបន្ន និង បើកចំហ, ក៏ដូចជាចំពោះការពង្រឹងយន្តការដឹកនាំដោយអាស៊ាន ឬ សណ្តាប់ធ្នាប់តំបន់ ដែលដឹកនាំដោយអាស៊ាន និង ការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការ សហប្រជាជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា ទទួលធ្វើជាម្ចាស់ ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM Plus) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក។
សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមិនមែន សមាជិកអាស៊ានចំនួន ៨ផ្សេងទៀត រួមមាន៖ សហរដ្ឋ អាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង នូវែល ស៉ីឡង់ និងអូស្ត្រាលី៕






