សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានស្នើ ឲ្យឯ.ឧ Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្កេមខាងមុខ។ ការស្នើសុំនេះធ្វើ ឡើង នៅក្នុងឱកាសសម្តេចតេជោ អនុញ្ញាតឲ្យ ឯ.ឧ Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០០៣ ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី៣០ មិថុនានេះ ។
ឯកឧត្តម អ៊ាង សុផ្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តម Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ ២០០៣បាន បង្ហាញ ក្តីរីករាយ ដែលបានអញ្ជើញមកកាន់ព្រះរាជា ណាចក្រកម្ពុជា សាជាថ្មីម្តងទៀត។
ឯកឧត្តមបន្តថា កន្លងមកឯកឧត្តម ធ្លាប់តែបានលឺថា រាល់ពេលមិត្តភក្តិមកដល់កម្ពុជា ពួកគេបានឃើញនូវភាពខុសប្លែក ភាពរីកចំរើន ការរីកដុះដាលនៃសំណង់អគារថ្មីៗ និងខ្ពស់ៗ ក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅពេលនេះ ឯកឧត្តមឃើញជាក់និងភ្នែក កម្ពុជាពិតជាមានការរីកចំរើន មានការអភិវឌ្ឍយ៉ាងខ្លាំង បើធៀបទៅនិងឆ្នាំ២០០៣ ក្នុងពេលដែលរូបឯកឧត្តមបញ្ចប់អាណត្តិបេសកកម្មការទូត និងចាក ចេញពីកម្ពុជា។
ក្នុងជំនួបគ្នានោះ ឯកឧត្តមបានសំដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ចំពោះការអភិវឌ្ឍរីកចំរើនទាំងអស់នោះ ដែលជាលទ្ធផលនៃការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ និងបានគោរពជំរាបជូនសម្តេចតេជោបន្ថែមថា បើទោះបីជារូបឯកឧត្តម បញ្ចប់បេសកកម្មការទូតនិងចាកចេញពី
ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែបេះដូងរបស់ឯកឧត្តម នៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច។ ជាអាទិ៍នៅពេលនេះ ឯកឧត្តមកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើការជួយដល់និស្សិតកម្ពុជា ក្នុងវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌។ ពិសេសផ្នែកច្បាប់ និងជួយវិស័យកីឡាយូដូ ដែលនឹងជូយកម្ពុជា សំរាប់ចូលរួមប្រកួតកីឡាស៊ីហ្កេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរ គុណជូនចំពោះ Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រីកពង្រឹង ទំនាក់ ទំនងនៃប្រទេសទាំងពីរផង និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះបន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាអាទិភាពរបស់កម្ពុជា៕






