សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គការនីតិបញ្ញត្តិ ពិសេសស្ថាប័នរដ្ឋសភា មានតួនាទីសំខាន់ និងមិនអាចខ្វះបាន ក្នុងាការចូលរួម ចំណែកដោះ ស្រាយបញ្ហាតំបន់ និងសកលលោក។ ការបញ្ជាក់របស់សម្តេចតេ ជោ ធ្វើឡើងក្នុងឱកាសបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលរៀបចំដោយសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នាសណ្ឋាគារសុខា ភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន ប្រសាសន៏ថា មហាសន្និបាតអន្តរសភាអាសានលើកទី៤៣ នាពេលនេះ គឺជាឱ កាសដ៏កម្រមួយសម្រាប់ប្រទេសក្នុងតំបន់ចូលរួមពិភាក្សាយ៉ាងទូលំទូលាយ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាធ្លុងមួយ និងរិះរកនូវយុទ្ធ សាស្ត្រគោលន យោបាយជាពិសេសគោលជំហរួមមួយ ដើម្នីជាឧត្តមប្រយោជន៏សម្រាប់ប្រជា ជន។
សម្តេចតេជោ សង្កត់ធ្ងន់ថា ពិភពលោក កំពុងប្រឈមទៅនឹងវិបត្តិជាច្រើន ដូចជាការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ សង្គ្រាម ការបែងចែកប៉ូលពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលមិនត្រឹមតែកំពុងគំរាមកំហែង យ៉ាងខ្លាំងដល់ជីវិតប្រជាជន និងសនិ្តសុខសាកលនោះទេ ប៉ុន្តែថែមទាំងបានបន្ទច់បង្អាក់ ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងបណ្តាលឲ្យកើនឡើងនូវសម្ពាធអតិផរណា ការរាំងស្ទះខ្សែច្រវាក់ផ្គត់ផ្គង់ និងបញ្ហាអសន្តិសុខស្បៀង និងថាមពល។ សម្រាប់កម្ពុជា ពិតជាមោទនភាព ដែលបានដឹកនាំអាស៊ាន ចូលរួមចំណែក ក្នងការដោះស្រាយរាល់បញ្ហាប្រឈម ដ៏លំបាកនានា ដែលតំបន់កំពុងជួបប្រទះ និងបានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ រួមចំណែកជំរុញសន្ទុះនៃដំណើរការកសាងសហគមន៏អា ស៊ាន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងសហគមន៏មួយ។
សូមជម្រាបថា មហាសន្និបាតអន្តរសភាអាស៊ានដែលរៀបចំដោយសភាកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់២៥ ខែវិច្ឆិកា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។
សូមបញ្ជាក់ថា អន្តរសភាអាស៊ាន ហៅកាត់ថាអាយប៉ា (AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យពលរដ្ឋប្រមាណជិត៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព។
អាយប៉ាមានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ កម្ពុជា ធ្លាប់បានធ្វើជាម្ចាស់ផ្ទះដឹកនាំមហាសន្និបាតអន្តរសភាអាស៊ាន ចំនួនពីរលើករួចមកហើយ។ លើកទី១ នៅឆ្នាំ២០០៤ ជាមហាសន្និបាតអាយប៉ូ លើកទី២៥ ដែលកាលនោះ អន្តរសភាអាស៊ាន នៅមានឈោ្មះថា អង្គការអន្តរសភាអាស៊ាន ហៅកាត់ថា (AIPO) នៅឡើយ និងលើកទី២ នៅឆ្នាំ ២០១១សភាកម្ពុជា បានធ្វើប្រធានអាយប៉ាម្ដងទៀត នាមហាសន្និបាតអាយប៉ាលើកទី៣២៕






