
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា មួយផ្នែកលើការរីក ចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញ ពីជំនួយឧបត្ថមពីដៃគូអភិវឌ្ឍន៍ទាំងអស់បានទេ ជាពិ សេសប្រទេសជប៉ុន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ០៧កន្លែង ក្នុងខេត្តព្រៃវែងចំនួន០២ កន្លែង លើកំណាត់ផ្លូវជាតិលេខ១១ និងក្នុងខេត្តក្រចេះចំនួន ០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣ នៅព្រឹកថ្ងៃទី ១៦ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មួយផ្នែកការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីជំនួយឧបត្ថមពីប្រទេសជប៉ុនបានទេ។ សម្តេចតេជោ បានយកឱកាសនេះ តាមរយៈឯកអគ្គរាជទូតជប៉ុន និង តតាមរយៈចៃកា សូមសម្តែងនូវការអរគុណ ដែលបានផ្តល់ថវិការសាងសង់ស្ពានទាំង៧នេះ។ សម្តេចតេជោ សង្កត់ធ្ងន់ថា សមិទ្ធផលនាពេលនេះ គឺបានកើតចេញពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អ រវាងព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលជប៉ុន។ ប្រទេសជប៉ុន គឺជាប្រទេស ដែលបានផ្ដល់ជំនួយឥត សំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កិច្ចដំណើរការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនៅព្រះរាជាណាចក្រកម្ពុជាសំដៅជួយកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯ.ឧ មិកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងកិច្ចសហប្រតិ បត្តិការទ្វេភាគីដែលត្រូវបានពូនជ្រុំជាបន្តបន្ទាប់។ ឯ.ឧ មិកាមិ ម៉ាសាហ៉ីរុ បានបញ្ជាក់ដែរថាប្រទេសជប៉ុននឹងនៅតែបន្តជួយដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
ស្ពានទាំង៧កន្លែងនេះ បានក្លាយជាផ្នែកមួយនៃការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ (ខេត្តក្រចេះ) និងផ្លូវជាតិលេខ១១ (ខេត្ត ព្រៃវែង) ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូនគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។
ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារ ណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានទាំង ៧កន្លែងនេះ គឺជាគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដែលស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣,៤២៤ម៉ែត្រ។ ស្ពានដែលបានសាងសង់នេះ រួមមាន៖ ស្ពានចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្ត ក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧៣ រួមមាន៖ ស្ពានព្រែកសណ្តាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់ឃ្លេ ស្ពានព្រែកឆ្លូង និងស្ពានពាមទេរប្រវែង ១៧៥ម៉ែត្រ។
ដោយឡែក ស្ពានចំនួន២កន្លែង ស្ថិតនៅក្នុងខេត្តព្រៃ វែង តាមបណ្តោយផ្លូវជាតិលេខ១១ រួមមានស្ពានបាបោងលេខ១ និងស្ពានបាបោងលេខ២។ គម្រោងខាងលើនេះ បានស្ថាបនាច្រាំងការពារការហូរ ច្រោះទឹកជំនន់ និងត្រូវបានស្ថាបនាជាប្រភេទស្ពានបេ តុង ក្រាលកៅស៊ូ AC កម្រាស់ ១០សង់ទីម៉ែត្រ។ គម្រោងសាងសង់ស្ពានទាំង ៧កន្លែងនេះ គឺជាហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់រាជរដ្ឋាភិ បាលកម្ពុជា។
សូមជម្រាបថា ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រើ ប្រា ស់រយៈពេលសាងសង់ចំនួន ២៩ខែ សាងសង់ដោយ ក្រុមហ៊ុន Hazama Ando Corporation និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស CTI Engineering International Co., Ltd. បានចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារអាមេរិក៕










