
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយ ១០ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង ទឹកជូនប្រជាពលរដ្ឋ និងប្រែក្លាយតំបន់រុនតាឯកឲ្យក្លាយជាភូមិអភិវឌ្ឍ និងជាទីក្រុងនៅពេលអនាគត។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ កញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ការចាក ចេញរបស់ប្រជាពលរដ្ឋមកកាន់តំបន់នេះ គឺដើម្បីសង្គ្រោះរមនីយដ្ឋានអង្គរ ដែលជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក ដែលតម្រូវដោយអង្គការយូណេស្កូ។
ការមកតាំងទីនៅតំបន់ថ្មីនេះ នឹងផ្តល់សារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ក្នុងការ ទទួលបានកម្មសិទ្ធិស្របច្បាប់ ជាមួយនឹងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ថ្មីទាំងស្រុង។
បើតាមសម្តេច រាជរដ្ឋាភិបាល នឹងប្រែក្លាយតំបន់នេះ ទៅជាភូមិ អភិវឌ្ឍ រឺអាចជាទីក្រុងមួយនៅថ្ងៃអនាគត។
ដើម្បីជំរុញគាំទ្រឲ្យតំបន់នេះ មាន ការអភិវឌ្ឍ សម្តេចតេជោ បានបញ្ជាឲ្យអាជ្ញាធរ និងវិស្វកម្មធ្វើការឈូសឆាយ ដី ឲ្យបានរៀបស្មើមុននឹងដឹកជញ្ជូនប្រជាពលរដ្ឋមកកាន់តំបន់នេះ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានបញ្ជាឲ្យកងវិស្វកម្មស្ថាបនាផ្លូវចាក់កៅស៊ូ និងបេតុង តទឹក ស្អាតពីសៀមរាប និងតអគ្គិសនីមកចូលតំបន់នេះឲ្យបានគ្រប់គ្រាន់ផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាឲ្យសាងសង់មណ្ឌលសុខភាព សាលា រៀនពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីបំរើសេចក្តីត្រូវការការអប់រំនៅទីនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។
គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។
ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី។ ប្រជាពលរដ្ឋចំនួន១១១៧គ្រួសារ បានចាប់ឆ្នោតជ្រើសរើសក្បាលដីរួចរាល់ ដើម្បីមកតាំងទីលំនៅដ្ឋានថ្មីនៅភូមិធម្មជាតិរុនតាឯក បន្ថែមលើប្រជាពលរដ្ឋ ៥៩៤គ្រួសារ ដែលបានមកតាំងទីលំនៅនៅទីនេះមុនគេ៕
សំ វណ្ណា



