សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ដោយសារទំនុកចិត្តមកលើរាជរដ្ឋាភិបាល ទើបក្រុមហ៊ុនបានពង្រីក ទុនវិនិយោគរបស់ខ្លួនដល់ជាង៦០០លានដុល្លារអាមេរិក ដែលផ្តល់ការងារធ្វើ ជូន កម្មករ កម្មការិនីជាង៦០០០នាក់។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀរបស់ជប៉ុន នៅព្រឹកថ្ងៃទី០១ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៏ថា ក្រុមហ៊ុនទុកចិត្តមកលើ រាជរដ្ឋាភិបាល ចំណែកកម្មករទុកចិត្តទៅលើក្រុមហ៊ុន ដែលកត្តាទាំងនេះ បាន ធ្វើឲ្យក្រុមហ៊ុនមីនីបៀ ចេះតែបន្តបន្ថែមទុនរបស់ខ្លួន លើការវិនិយោគ និងបង្កើនការផលិតនាំចេញទៅក្រៅប្រទេស។
បើតាមសម្តេច ក្រុមហ៊ុនបានបោះទុន វិនិ យោគរហូតដល់៦១៤លានដុល្លារអាមេរិក និងបង្កើតការងារធ្វើចំនួនជាង៦០០០ កន្លែង។
កត្តាចំបងបំផុត ដែលក្រុមហ៊ុនជប៉ុនមួយនេះ មានទំនុកចិត្តដល់រាជរដ្ឋា ភិបាលគឺស្ថេរភាពនយោបាយ និងការរក្សាបាននូវសុខសន្តិភាពពេញលេញ ជាមួយនឹងលក្ខខណ្ឌវិនិយោគល្អប្រសើរសម្រាប់វិនិយោគិនបរទេស។ សម្តេច តេជោ នាយករដ្ឋមន្ត្រី បានបន្តលើកចិត្តដល់កម្មករ កម្មការិនីទាំងរស់ បន្តខិត ខំប្រឹងប្រែងរៀនសូត្របច្ចេកទេសថ្មី ដើម្បីបង្កើនសមត្ថភាព និងជំនាញឲ្យកាន់ តែប្រសើរឡើងថែមទៀត។
សូមជម្រាបថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស ដោយបច្ចុប្បន្នក្រុមហ៊ុនមានផលិតអំពូល LED និងសម្ភារៈក្មេងលេងកម្សាន្តផងដែរ។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា នាយកប្រតិបត្តិក្រុមហ៊ុនមីនេបៀ មានប្រសាសន៏ថា បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ ១,១២៤ពាន់លានយេន ស្មើនឹងជាង៨ពាន់លានដុល្លារ នៅ ៩៥កន្លែងទូទាំងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាឆ្មបបង្កើតដោយផ្ទាល់ដៃនូវវត្តមានក្រុមហ៊ុនដ៏ធំរបស់ជប៉ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានបង្ហាញនូវភាពរីករាយជាខ្លាំងចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លាលើដំណើរការវិនិយោគរបស់ក្រុមហ៊ុន៕






