
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានបញ្ចប់ដោយជោគជ័យត្រចះត្រចង់។ សម្តេចតេជោ បានថ្លែងអគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ ការគាំទ្រ និងភាពទន់ភ្លន់ ដែលបានផ្តល់ឱ្យដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាដៃគូ និងបាននាំមកនូវសមិទ្ធផលដ៏ច្រើនក្រៃលែងគួរជាទីមោទនៈ។
ក្នុងសុន្ទរកថាបិទថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធនិង ពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ីរាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី មានប្រសាសន៏ថា ការបញ្ចប់នូវកិច្ចប្រជុំកំពូល ចំនួន១៦ ក្នុងរយៈពេលត្រឹម៤ថ្ងៃ គឺជារឿងដ៏លំបាកមួយ ជាពិសេស នៅចំពេលដែលពោរពេញដោយបញ្ហាប្រឈម។ សម្តេចតេជោ បញ្ជាក់ដែរថាក្នុងរយៈពេល៤ថ្ងៃនេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់-ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស៕
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហ-ប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង។ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ី អាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ នេះ។ ដូចគ្នានេះដែរ ប្រទេស ៦ ទៀត រួមមាន ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជាសមាជិក ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥0 ប្រទេស។ សម្តេចតេជោ ថ្លែងបញ្ជាក់ដែរថា យើងបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍ លើកទី២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ នេះ នាឆ្នាំ២០០២៕







