
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតជ័យលាភីអាហារូបករណ៍សាធារណរដ្ឋឆេក និងជប៉ុនត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។
នៅក្នុងឱកាសអនុញ្ញាតឱ្យ ក្រុមនិស្សិតអាហារូបករណ៍ទៅសាធារណរដ្ឋឆេក និងជប៉ុន ចូលជួបសម្តែងការ គួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច នៅវិមាន៧មករា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតទាំងអស់ថា ៖ ទី១ ត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។
ទី២ ត្រូវតែប្រឹងរៀន គោរពច្បាប់ (បទបញ្ជាផ្ទៃក្នុងសកល វិទ្យាល័យ) ត្រូវគោរពឱ្យល្អ និងសកម្មបន្ថែមទៀត ត្រូវគោរពប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសគេ ព្រម ទាំង ត្រូវព្យាយាមប្រាស្រ័យទាក់ទង កសាងសាមគ្គី ភាព មិត្តភាពជាមួយគ្រូ និងមិត្តភក្តបរទេស និងត្រូវមានសីលធម៌ល្អ មានវិន័យ និងការទទួល ខុសត្រូវខ្ពស់ ព្រោះនិស្សិតគ្រប់រូបនឹងដើរតួជា “អ្នកការទូត” របស់កម្ពុជា ដូច្នេះ ត្រូវផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អរបស់កម្ពុជាយើង និង ទី៣ ត្រូវខិតខំរៀនភាសាបរទេស ឱ្យបានច្រើន កាន់តែល្អ ចាប់យកចំណេះវិជ្ជាផង និងភាសាផង។
សម្តេចតេជោប្រធានព្រឹទ្ធសភា មានប្រសាសន៍បន្តថា សម្តេចពិតជាមានមោទនភាពណាស់ចំពោះមរតកដ៏ធំ ដែលសម្តេច បានខិតខំតស៊ូ និងលះបង់កម្លាំងកាយចិត្ត អស់រយៈជាង៤៥ឆ្នាំ គិតតាំងពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា រួចបន្តខិតខំកសាង និងថែរក្សាសន្តិភាព និងការអភិវឌ្ឍ ជា ពិសេស គឺការសម្រេចបាននូវការការអភិវឌ្ឍធនធានមនុស្សដែលជាការតាំងចិត្តរបស់សម្តេច។
សម្ដេចតេជោបានលើកឡើងថា ក្នុងដំណាក់កាលដែលសម្ដេចជាជារដ្ឋមន្រ្តីក្រសួងការបរទេស និងនាយករដ្ឋមន្ត្រីទាំងសកម្ម ភាពនៅក្នុងប្រទេសនិងបំពេញទស្សនកិច្ចនៅក្រៅប្រទេស សម្តេចតែងតែស្វះស្វែងអំពាវនាវរកអាហារូបករណ៍ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា បានចេញទៅបន្តការសិក្សានៅក្រៅប្រទេស ងអាហារូបករណ៍នៅក្រៅប្រទេស។ សម្ដេចតេជោ បានចាត់ទុកថា បច្ចុប្បន្ននេះ ការចេញទៅសិក្សានៅបរទេសរបស់ចៅៗ មានលទ្ធភាព និងស្ថាន ភាពល្អប្រសើរជាងជំនាន់មុន និងមានប្រព័ន្ធទំនាក់ទំ នងទំនើប និងងាយស្រួលទាក់ទងមកផ្ទះ និងគ្រួសារ ដែលខុសប្លែកពីពេលមុន យើងមានការលំបាក។
និស្សិតជ័យលាភីទាំងអស់ បានធ្វើការប្តេជ្ញាចិត្ត នឹងខិតខំរៀន សូត្រឱ្យបានជោគជ័យ ដើម្បីយកចំណេះដឹង និងជំនាញមកវិញ ធ្វើឱ្យគ្រួសារមានមោទនភាព ព្រម ទាំងប្តេជ្ញាចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែរីកចម្រើន។ និស្សិតជ័យលាភីទាំងអស់ ក៏បានប្តេជ្ញាខិតខំផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ ប្រទេសកម្ពុជា និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅដល់ប្រទេសជប៉ុន ឆេក និងជាមួយមិត្តភក្តបរទេស ដើម្បីបង្កើនកិត្យានុភាពកម្ពុជា៕


