សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យរដ្ឋបាលមូលដ្ឋានអាស៊ានគាំទ្រដល់ កិច្ចព្រមព្រៀងបៃតងអាស៊ាន»ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២។
ថ្លែងបើកកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayor Forum 2022) ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ គឺសំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព។
សម្តេចតេជោ បន្តថា គម្លាតនៃការកសាងទីក្រុងឆ្លាតក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នការរីកធំ ឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល។ ក្នុងន័យនេះ រដ្ឋ បាលក្រុង, រាជធានីនិង រដ្ឋធានីអាស៊ាន ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និង ចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាព និង សោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត, អគ្គីសនី និងសំណល់ប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ សម្តេចស្នើឲ្យមានការតម្រឹមកិច្ចខិតខំប្រឹង ប្រែង ជាមួយការរៀបចំ និងជំរុញការអនុវត្តផែនការ សកម្មភាពរួមគ្នាជាក់ស្តែង ដូចជាផែនការសកម្មភាពទីក្រុងឆ្លាត ជាដើម ដើម្បីធានាបរិយាបន្នក្នុងតំបន់ពិតប្រាកដ។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា អាស៊ានគួរតែពិចារណា លើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ក្នុងឋានៈជាប្រធានអាស៊ាន៕






