សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ឯកឧត្តម ហ្សាក់ ប៉េឡេ (Jacques Pellet) បានអញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ ១៩១៤ ដល់ឆ្នាំ១៩១៨។
វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
វិមានខាងលើនេះត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយក ជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។
នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ច កម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួ។ កណ្តឹង ដែលត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថឆ វិមាននេះត្រូវបានសាងសង់ឡើងវិញ ដោយលោកបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសហការអនុវត្តជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលរាជធានីភ្នំពេញ។
វិមាននេះ ត្រូវបានសាងសង់ដោយរក្សាតាមលំនាំដើមរបស់ លោក Paul Ducuing។
វិមាននេះមានកម្ពស់សរុប ១២,៣០ ម៉ែត្រ ក្នុងនោះខឿនកម្ពស់ ១,៧០ ម៉ែត្រ, ជើងកោសកម្ពស់ ៣,២០ ម៉ែត្រ, តួកណ្តឹងធ្វើពីស្ពាន់កម្ពស់ ៤,៦០ម៉ែត្រ និងរូបបដិមាទាហានខ្មែរ និងបារាំង។
រូបបដិមាទាហានខ្មែរ-បារាំង៖ កម្ពស់ ២,៨០ម៉ែត្រ ដោយរូបបារាំងដៃឆ្វេងដាក់លើស្មាទាហានខ្មែរដៃស្តាំកាន់ស្លឹកឡូរីយេ ចំណែកទាហានខ្មែរដៃទាំងពីរលើកឡើងលើកាន់ស្លឹកឡូរីយេ ជាស្លឹកឈើតំណាងឱ្យសន្តិភាព។ រូបបដិមាទាំងពីរនេះ តំណាងឱ្យវីរភាព ភាពក្លាហាន និងការលះបង់ខ្ពស់ ដែលបានធ្វើឱ្យមានជ័យជម្នះនៅឆ្នាំ១៩១៨ នៅប្រទេសបារាំង និងជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រកម្ពុជា-បារាំង៕






