សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណា ចក្រ កម្ពុជា នាព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ២០២៣ បានថ្លែងអរគុណជប៉ុនជាថ្មីម្តងទៀត ដែលបានលើក ទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា និងបញ្ជូនអាជ្ញាកណ្ដាលមកជួយពិនិត្យ ការប្រកួតកីឡាស៊ីហ្គេមនិងជំនួយដទៃទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែប នេះក្នុងឱកាសអនុញ្ញាតឲ្យលោក តាកៃ ស៊ុនសឺកិ រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងលោក ស្រី មីណាមីណូ យូកូ (MINAMINO Yuko) អគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ ខួប៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងជាម្ចាស់បទចម្រៀង”ឥន្ទធនូសម្រាប់ថ្ងៃស្អែក” ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពរាជ ធានីភ្នំពេញ ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា លោក តាកៃ ស៊ុនសឺកិ បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនងកម្ពុជាជប៉ុនដែលបានលើកកម្ពស់ពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក៏ដូចជាកិច្ច សហប្រតិ បត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកង ទ័ព វិស័យដោះមីន និង វិស័យជាច្រើនទៀត។ លោក តាកៃ បានជម្រាបជូនសម្ដេចតេជោថា លោកនឹងបន្តនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ថែមទៀត។
នៅថ្ងៃខាងមុខនេះជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០ រូបមកជួយដល់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ។
លោកស្រី មីណាមីណូ បានគោរពជម្រាបជូនសម្ដេចតេជោអំពីដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់ព្រះរាជា ណាចក្រកម្ពុជាកាលពីឆ្នាំ ១៩៨៩ និងឆ្នាំ ២០១៣ លោកស្រីបានថ្លែងថា សន្ដានចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា នៅពេលនោះបានទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅជាទីបំផុតមដែលធ្វើឲ្យបេះដូងរបស់លោកស្រីដក់ជាប់ នូវកម្ពុជា។
លោកស្រីបាននិពន្ធនូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា ឥន្ទធនូសម្រាប់ថ្ងៃស្អែក ដោយអត្ថាធិប្បាយអំពីអតីតកាលកម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់ ។
ក្នុងដំណើរទស្សនកិច្ចនេះលោកស្រីបានជម្រាបជូនសម្ដេចតេជោថា លោកស្រីនឹងទៅជួបជាមួយកុមារកម្ពុជា ជាក្មេង កំព្រា ដែលលោកស្រីបានជួបការពីឆ្នាំ ១៩៨៩។
ក្នុងនាមជាអគ្គរដ្ខទូតសុច្ឆន្ទៈសម្រាប់ខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនលោក ស្រីនិងប្រឹងប្រែងធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង។ សូម ជម្រាបជូនថាលោកស្រីមីណាមីណូ ជាតារាសម្ដែង និងជាតារាចំរៀងដ៏ល្បីល្បាញម្នាក់ នៅក្នុងប្រទេសជប៉ុន តាំងពី ១៩៨៥ រហូតមកដល់បច្ចុប្បន្ន។
ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងនូវការរីករាយអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្តេចតេជោ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានជំរុញឲ្យអ្នកវិនិយោគជប៉ុនមក វិនិយោគនៅកម្ពុជា និងបញ្ជូនអាជ្ញាកណ្ដាលមកជួយពិនិត្យការប្រកួតកីឡាស៊ីហ្គេម និងជំនួយដទៃទៀត។
សម្ដេចតេជោ ក៏បានថ្លែងអំណរ គុណចំពោះលោក ស្រី មីណាមីណូ ដែលបាននិពន្ធ និងសម្ដែងបទចម្រៀងមានចំណងជើងថា ឥន្ធនូសម្រាប់ថ្ងៃស្អែក ដែលឆ្លុះ បញ្ចាំងអំពីទិដ្ឋភាពរបស់កម្ពុជា ពីអតីតកាល។
សូម ជម្រាបថា បទចំរៀង “ឥន្ទធនូសម្រាប់ថ្ងៃស្អែក » ត្រូវភាគីជប៉ុនបានផ្ដល់សិទ្ធិជូនភាគីកម្ពុជា ដើម្បីធ្វើការផ្សព្វ ផ្សាយ បន្ទាប់ពីពិធីប្រគល់-ទទួលបទចំរៀងនេះកាលថ្ងៃទី៣០ ឧសភា ២០២២ ដែលមានចំនួនអ្នកចូលទស្សនា ប្រមាណជាង៣០ម៉ឺនដងក្នុងហ្វេសបុករបស់សម្តេចតេជោ និងស្ថានទូតជប៉ុន ៕






