សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគូសបញ្ជាក់ថា ការពង្រីកសមត្ថភាពផែស្វយ័តក្រុងព្រះសីហនុ ជួយតភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការប្រកួតប្រជែងក្នុងតំបន់។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
ការធ្វើទំនើបកម្ម និងពង្រីកកំពង់ផែក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃប្រទេសជប៉ុននៅពេលនេះ នឹងធ្វើឱ្យកំពង់ផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយកំពង់ផែនានាផ្សេងទៀតក្នុងតំបន់បាន។សម្តេចបានបន្ថែមថា ចំណតកំពង់ផែកុងតឺន័រប្រវែង២៥៣ម៉ែត្របន្ថែមនេះ នឹងផ្ដល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញបន្ថែម នូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកំពុងតែធ្វើទំនើបកម្ម ឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំថ្ងៃ។
ជាពិសេស ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ ក្នុងមួយឆ្នាំ ទៅ១លានធីអ៊ីយូ ក្នុងមួយឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រលើកនេះ ការចេញចូលទំនិញកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ នឹងមានភាពរលូនជាងមុន ហើយអាចទទួលយកនូវទំនិញកុងតឺន័រកាន់តែច្រើនមុន។ ការដាក់ឲ្យប្រើប្រាស់ចំណតផែកុងតឺន័របន្ថែមថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយ នៃដំណើរការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។
ឯកឧត្តម ជឿជាក់ថា ការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ប្រាកដជា អាចទាក់ទាញការ វិនិយោគថ្មីពីប្រទេសជប៉ុន និងប្រទេសដទៃទៀត ហើយនាំទៅរកការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៏នា បានឲ្យដឹងថា គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ។ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនTEU/ឆ្នាំ ទៅ១លាន TEU/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក១០,៤ម៉ែត្រចូលចតបាន ដែលតាមការព្យាករណ៍គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥%។ បើគិតត្រឹមរយៈពេល ៧ខែ ឆ្នាំ ២០២៤នេះ បរិមាណទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៧លានតោន កើនឡើងខ្ពស់ ២៦,៥២% ក្នុងនោះ បរិមាណកុងតឺន័រឆ្លងកាត់សម្រេចបានជាង ៥៧ម៉ឺនTEUs កើនឡើងខ្ពស់ ២៦,១៨% និងចំណូលអាជីវកម្មមានចំនួនសរុបប្រមាណជាង ៦៦លានដុល្លារអាម៉េរិក កើនឡើង ២៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលជាកំណើនដ៏ខ្ពស់ពុំធ្លាប់មានពីមុនមក៕






