ថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «អញ្ជើញសម្ពោធបណ្តាញសាកលវិទ្យាល័យសាយប័រ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គុណភាពនៃធនធាន មនុស្សគឺជាកត្តាកំណត់នៃគុណ ភាព និងសមត្ថភាពរបស់ប្រទេសរបស់យើងក្នុងការអភិវឌ្ឍប្រកួតប្រជែងដោយចីរភាព ដូចគ្នានេះដែរ គុណភាពនៃការអប់រំបណ្តុះបណ្តាលគឺជាកត្តាគន្លឹះនៃគុណភាពធនធាន មនុស្ស ដូច្នេះយើងអាចនិយាយបានថា គុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានាបានការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គម្លាតនៃខួរក្បាល និងគម្លាតនៃសមត្ថភាពរបស់មនុស្សងាយស្រួលក្នុងការបិទបើសិនជាមានឱកាសបានទទួលនូវការអប់រំដែលមានគុណភាពដូចគ្នា ទោះជាចាប់ផ្តើមពីចំណុចខុសគ្នាលើកត្តាផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីកំណត់គុណភាពនៃការអប់រំបណ្តុះបណ្តាលបានយើងត្រូវមានចំណុចសំខាន់ ៤៖ ទី១-គុណភាព និងគុណវុឌ្ឍិនៃសាស្រ្តាចារ្យ ឬគ្រូបង្រៀន ទី២-កម្មវិធីសិក្សា និងមេរៀន ទី៣-ឧបករណ៍សម្ភារៈ ឬមធ្យោបាយក្នុងការបង្រៀន ទី៤-វិធីសាស្រ្តបង្រៀន៕






