សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីមហិច្ឆិតា ចង់ឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋម ដល់ថ្នាក់មធ្យម សិក្សាទុតិយភូមិ ក្លាយជាសាលារៀនល្អ អាចទទួលបាន សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
VO÷ ថ្លែងក្នុងទិវាគ្រូបង្រៀនលើកទី២៦ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីមហិច្ឆិតា ក្នុងអាណត្តិនៃការដឹកនាំរបស់សម្តេច មួយឬពីរអាណត្តិនេះ គឺចង់ឱ្យសាលារដ្ឋទាំងអស់ ចាប់ពីថ្នាក់បឋម ដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ក្លាយជាសាលារៀនល្អ អាចទទួលយកបាន សម្រាប់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជាគោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវ ពង្រឹកវិស័យអប់រំ ជាជាងពង្រីក តាមរយៈការធ្វើឱ្យការអប់រំ នៅសាលារដ្ឋមាន គុណភាព ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានសមត្ថភាព គុណធម៌ សីលធម៌ និងវិន័យឱ្យបានល្អ។
សម្តេចបានបញ្ជាក់ទៀតថា តាមរយៈការសិក្សាលើសាលាជាង៥០សាលា សម្តេចរកឃើញសាលាមួយចំនួន ដែលលោកគ្រូអ្នកគ្រូ មានការច្នៃប្រឌិតខ្ពស់ ក្នុងការអប់រំសិស្សានុសិស្សបានយ៉ាងល្អ ដោយមិនបាច់មានការចំណាយបន្ថែមនោះទេ ហើយបានក្លាយជាគំរូមួយ សម្រាប់យកទៅអនុវត្តន៍ នៅតាមសាលាផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា យ៉ាងហោចណាស់១០ឆ្នាំខាងមុខទៀត សាលារដ្ឋនឹងទំនើប ហើយវិន័យសិស្សនឹងកាន់តែល្អ បើសិនការកែទម្រង់ដែលរាជរដ្ឋាភិបាលដាក់ចេញ ត្រូវបានអនុវត្តន៍ខ្ជាប់ខ្ជួន។
បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតាមសាលារៀនរដ្ឋ ដែលល្អទាំងផ្នែកចំណេះដឹង និងសីលធម៌នោះ គឺសាលានោះមានម៉ោងជួបជាមួយឪពុកម្តាយសិស្ស និងការអប់រំសីលធម៌ទៀតផង។
សម្តេចធិបតី ក៏ចង់ឲ្យយកពេល ២ថ្ងៃក្នុងមួយសប្តាហ៍ នាំសិស្សចូលរួមធ្វើកិច្ចការសង្គម។ សម្ដេចធិបតី បានជំរុញក្រសួងអប់រំ នាយកសាលា និងគណៈគ្រប់គ្រងសាលារៀន ត្រូវចេះកែច្នៃសាលារៀនដែលមានស្រាប់ ឲ្យមានគុណភាពខ្ពស់ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២។
សម្តេចរំពឹងថា ចាប់ពីអាណត្តិទី៧ សាលារៀនរដ្ឋទាំងអស់ នឹងមានគុណភាពអប់រំខ្ពស់ និងសិស្សមានវិន័យកាន់តែល្អ ដោយមិនមានការបែងចែកសាលារៀនល្អ ឬមិនល្អឡើយ។
សម្តេចធិបតី បានលើកឡើងថា មិនចាំបាច់ទាល់តែបង្កើតសាលារៀនជំនាន់ថ្មីទូទាំងប្រទេស ដែលត្រូវចំណាយច្រើនទេ ឲ្យតែមានការអនុវត្តខ្ជាប់ខ្ជួននូវអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សាលារដ្ឋនឹងមានគុណភាពទាំងអស់៕






