
សម្តេចធិបតី បានលើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោសសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់។
ឯកឧត្តមនាយឧត្តមសេនីយ៍ YAMAZAKI Koji ប្រធានអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS) និងជាអតីតអគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារជប៉ុន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងអង្គការ JMAS ជាមួយនឹងបណ្ដាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការជួយទៅដល់ប្រជាជន ដែលបានរងគ្រោះពីគ្រាប់មីន និងសកម្មភាពផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងអង្គការ JMAS ជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលបានផ្ដល់នូវកិច្ច សហការយ៉ាងល្អប្រសើរលើសកម្មភាពជាច្រើន ដូចជាសកម្ម ភាពនៃការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសម្រេចបានលើផ្ទៃដីសរុបជាង ៦.០០០ហិកតា និងការរុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២០.០០០ គ្រាប់។
ក្នុងងនោះឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង CMAC របស់កម្ពុជាដែលបានខិតខំបំពេញការងារក្នុងការសហការជាមួយ JMAS ប្រកបដោយជំនាញវិជ្ជាជីវៈ ការទទួលខុសត្រូវនិងវិន័យខ្ពស់។
ក្រៅពីសកម្មភាពបោសសម្អាតមីន JMAS ក៏បានចូលរួមចំណែកក្នុងសកម្មភាព ផ្សេងៗមួយចំនួនទៀត ដូចជាការជួយដល់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្ម និងអប់រំ តាមរយៈការផ្តល់បច្ចេកទេស ដើម្បីបង្កើនទិន្នផល, ការបង្កើនប្រាក់ចំណូលដល់កសិករ, ការចូលរួមបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃមីន និងការជម្លៀសខ្លួនចេញពីតំបន់ ដែលមានគ្រាប់មីន, និងការកសាងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនសម្រាប់សហគមន៍ជនបទ ដូចជាសាលារៀននៅតាមបណ្ដាខេត្តមួយចំនួន។ ព្រមជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង CMAC បន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកការបោសសម្អាតមីននៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ក៏ដូចជាសកម្មភាពរបស់ JMAS ជាមួយនឹង CMAC លើសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកិច្ចការនេះបានរួមចំណែកក្នុងការជួយទៅដល់ប្រជាជនកម្ពុជា ដែលបានរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់ទុកពីសង្គ្រាម ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជា ពលរដ្ឋ។
ទន្ទឹមនោះសម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងផែរថា ការបោសសម្អាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គឺជាគោលដៅចម្បង របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលមុនៗ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ក្នុងការបន្តសកម្ម ភាពបោះសម្អាតមីន ដោយសម្តេចធិបតី ក៏បានគូស បញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ១៩៩២មក ប្រទេសកម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីជាង ៣.០០០ គីឡូម៉ែត្រការ៉េ ហើយកម្ពុជានឹងខិតខំបន្តការបោសសម្អាតមីន ប្រមាណជាង ១.៧០០ គីឡូម៉ែត្រការ៉េ បន្ថែមទៀត។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យ JMAS បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា ដូចជា CMAC និងអង្គភាពពាក់ព័ន្ធមួយចំនួនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការបោសសម្អាតមីនលើផ្ទៃដីដែលនៅសេសសល់។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា រាជរដ្ឋា ភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការ ក្នុងការបោសសម្អាតមីនជាមួយភាគីជប៉ុន ទាំងក្នុងកិច្ចសហប្រតិបត្តិការនៅកម្ពុជា និងការចូលរួមសកម្មភាពមនុស្សធម៌បោស សម្អាតមីននៅតាមប្រទេសផ្សេងៗ៕
