
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ និងជំរុញការវិនិយោគ ពាណិជ្ជកម្ម ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្ស។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរាជទូតថ្មីប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០១ ខែកក្កដា ២០២៣។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតថ្មី ប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា លើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាកម្ពុជាកម្ពុជានិងម៉ាឡេស៊ី ឱ្យកាន់តែសកម្មនិងស៊ីជម្រៅឡើងថែមទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទំាងពីរនិងសហគមន៍អាស៊ានផងដែរ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ឯកអគ្គរាជទូតជួយជំរុញបន្ថែមដល់ការវិនិយោគ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសផ្នែកបច្ចេកវិទ្យាដល់យុវជនកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា សភាប្រទេសទំាងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាជាច្រើននៅក្នុងក្របខណ្ឌពហុភាគី ប៉ុន្តែនៅមានកម្រិតនៅក្នុងក្របខណ្ឌទ្វេភាគី ដែលត្រូវយកចិត្តទុកពង្រឹងពង្រីកបន្ថែមទៀត។
ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)៕


