សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួយទាក់ទាញអ្នកវិនិយោគអាស៊ែបៃហ្សង់ អញ្ជើញមកស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា លើឧស្សាហកម្មកែច្នៃ ឧស្សាហ កម្មថាមពល និងកម្មន្តសាល ដែលជាវិស័យដ៏មានសក្តានុពលនៅក្នុងតំបន់ និងសកលលោក។
សម្ដេចរដ្ឋសភា ធិបតី ឃួន សុដារី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ូវគី មេឌីហ្សាដា (Shovgi Mechdizade) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញអ្នកវិនិយោគយ៉ាងច្រើន ក្នុងវិស័យឧស្សាហកម្មទំាងនោះ ដោយសារកត្តាគោលនយោបាយពន្ធនាំចេញ ភូមិសាស្រ្ត នៃកំពង់ ផែប្រទេសកម្ពុជាមានលក្ខណៈអំណោយផល ផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។
ជាមួយគ្នានេះសម្តេចបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលផ្សេងៗជាច្រើនទៀត ដើម្បីជំរុញ និងបង្កើនការវិនិយោគផងដែរ ក្នុងនោះការនាំចេញនូវផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ម្រេច ផ្លែ ស្វាយ គ្រាប់ស្វាយចន្ទី និងវិស័យសុខាភិបាលជាដើម។
សម្តេចប្រធានរដ្ឋសភាបានរំលឹកថា កាលពីជំនួបលើកមុន ឯកឧត្តម ឯកអគ្គរដ្ឋទូត បានផ្តួចផ្តើមគំនិតអំពីការចងក្រងក្រុមនិស្សិតកម្ពុជាដែលបានទទួលការសិក្សានៅប្រទេសអាស៊ែបៃហ្សង់ (Alumni)។សមាគមនិស្សិតនៅដើរតួសំខាន់មួយចំណែកទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ព្រោះទំនាក់ទំនងរវាងប្រជា ជននិងប្រជាជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម ស៊ូវគី មេឌីហ្សាដា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលបន្តបេសកកម្មពីសម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថានឹងខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀតដោយនៅក្នុងនោះ បានសន្យាថានឹងកៀរគរអ្នកវិនិយោគអាស៊ែបៃហ្សង់ មកកម្ពុជាបន្ថែមទៀត។
សូមរំលឹកថាកាលពីឆ្នាំ២០២២ កន្លងទៅ រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទំាងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ សភាកម្ពុជានិងអាស៊ែបៃហ្សង់ តែងបានសហការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរសភាទាំងក្នុងក្របខណ្ឌតំបន់និងអន្តរជាតិ នានា។
សម្ដេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស្និទ្ធស្នាលបន្ថែមទៀត សភាទាំងពីរគួរបន្ដជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំសភា ក្រុមមិត្ដភាពរដ្ឋសភា និងគណៈកម្មការជំនាញផងដែរ៕






