សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង។
ការស្នើនេះ ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Jiaquan អនុប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពជាប្រពៃ ណី កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ កម្ពុជា-ចិន។
សម្តេចប្រធានរដ្ឋសភានិងតំណាងសភាប្រជាជនខេត្តខ្វាងតុង បានលើកឡើងថា មិត្តភាពកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែលបានឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និងយោគយល់គ្នា ដើម្បីផលប្រយោជន៍រួម។
ឯកឧត្តម Chen Jiaquan មានប្រសាសន៍ថា ដើម្បីភ្ជាប់ទំនងទំនាក់រវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន ខេត្តខ្វាងតុងឱ្យកាន់តែជិតស្និទ្ធ នឹងរឹងមាំបន្ថែមទៀត ឯកឧត្តមបានស្នើសូមគណៈប្រតិភូសភាខេត្តខ្វាងតុង មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
ឯកឧត្តម បានគូសបញ្ជាក់ពីសក្តានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជ កម្មនៅកម្ពុជា និងបានជម្រាបសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូថា ខេត្តខ្វាងតុងជាខេត្តនាំមុខគេរបស់ចិន លើការធ្វើពាណិជ្ជកម្ម។ រដ្ឋាភិបាលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំជាងគេរបស់ចិន នៅខេត្តខ្វាងតុងឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសតំបន់ ហុងកុង ម៉ាកែវ ខ្វាងតុង។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ រដ្ឋសភា កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ ធានាការពារផលប្រយោជន៍អ្នកវិនិយោគទុនក្នុងស្រុកនិងបរទេស។ កម្ពុជាមានសុខសន្តិភាព ស្ថិរភាព យ៉ាងរឹងមាំ និងមានច្បាប់វិនិយោគ បទដ្ឋានគតិយុត្តជាច្រើន ក្នុងការធានាការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគ៕






